យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា វិស័យអាកាសចរណ៍កម្ពុជា អាចងើបឡើងវិញបានល្អប្រសើរ អាស្រ័យលើការបើកចំហជើងហោះហើរ ពីបណ្តាប្រទេសជាដៃគូ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានបើកទូលំទូលាយនៅឡើយ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាបើកទទួលភ្ញៀវអន្តរជាតិ ឡើងវិញ ជាពិសេសមានការបន្ធូរបន្ថយវិធានការចត្តាឡីស័កមួយចំនួនចំពោះអ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញមកនោះ សង្កេតឃើញថា វិស័យអាកាសចរណ៍ចាប់ផ្តើមប្រសើរឡើងវិញជាបណ្តើរៗហើយ ។
ឯកឧត្តមបានបន្តថា ដើម្បីឱ្យវិស័យមួយនេះ អាចវិលត្រលប់ទៅរកភាពល្អប្រសើរវិញនោះ គឺអាស្រ័យលើកម្ពុជាផ្ទាល់ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រទេសដៃគូដែលបានតភ្ជាប់ជើងហោះហើរជាមួយកម្ពុជាផងដែរ ខណៈដែលបណ្តាប្រទេសមួយចំនួន នៅតែបន្តការរឹតត្បិត ដោយមិនទាន់បើកការតភ្ជាប់ការហោះហើរ ឱ្យបានទូលំទូលាយនៅឡើយទេ ។
សំឡេង ៖ «ប៉ុន្តែការកក្រើកនេះ គឺកក្រើកត្រង់ថាយើងបានបន្ធូរបន្ថយ ប៉ុន្តែឃើញថាមើលតំបន់ជុំវិញ តើប្រទេសណាបានបន្ធូរបន្ថយខ្លះ ដូចថៃបើក នៅវៀតណាមមិនទាន់បើកទេ ហើយប្រទេសសាំងហ្គាពួរបើកដែរ ប៉ុន្តែមានកំណត់ ហើយមានប្រទេសផ្សេងៗទៀត អ៊ីចឹងវាមិន អាស្រ័យលើប្រទេសយើងទាំងមូលទេ គឺអាស្រ័យទៅលើប្រទេសដៃគូដែលហោះមកយើង ប្រសិនបើប្រទេសគេធូរស្រាលដែរនោះ ក៏មានអ្នក ដំណើរមកច្រើនដែរ ព្រោះគេមិនចង់ត្រលប់ទៅវិញ ជាប់នៅក្នុងប្រទេសគេ២ ៣អាទិត្យនោះទេ» ។
ឯកឧត្តម បានបន្ថែមថា គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចំនួនជើងហោះហើរមានការកើនឡើងក្នុង១សប្តាហ៍ចន្លោះពី៤ទៅ៥ជើង ដែលធ្វើឱ្យ ចំនួនអ្នកដំណើរមានការកើនឡើងប្រមាណពី ៧០០ទៅ៨០០នាក់ក្នុង១ថ្ងៃ ហើយចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តន៍នៃស្ថានភាពជាក់ស្តែងលើការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ៕



ប្រភព៖ ក្រសួងព័ត៌មាន


