យោងតាមសមាគមន៍ផ្លែឈើវៀតណាម បានឱ្យដឹងថា អ្នកនាំចេញអាចខាតបង់ប្រាក់ពី ៣-៤ ទ្រីលានដុង (១៣១-១៧៥ លានដុល្លារ) ប្រសិនបើកុងតឺន័រដឹកទំនិញចំនួន ៦,២០០គ្រឿង នៅតែជាប់គាំងនៅព្រំដែនវៀតណាម-ចិន។ ប្រធានសមាគមផ្លែឈើវៀតណាម លោក Dang Phuc Nguyen បានប្រាប់ VnExpress ថា ឡានដឹកទំនិញ ជាធម្មតាដឹកទំនិញដែលមានតម្លៃពី ៥០០ទៅ ៩០០លានដុង (២២-៣៩ម៉ឺនដុល្លារ) ហើយការចំណាយលើការជួលឡានដឹកទំនិញ និងជួលអ្នកបើកបរអាចកើនឡើង ១០០លានដុង (ជាង ៤ពាន់ដុល្លារ) បូកនឹងការចំណាយផ្សេងៗទៀត។
លោកបន្តថា នេះមានន័យថា ការខាតបង់អាចប៉ះពាល់ដល់ទៅ ៣-៤ ទ្រីលានដុង ប្រសិនបើទំនិញកសិកម្មដូចជា ផ្លែស្រកានាគ ខ្នុរ ឪឡឹក និងស្វាយ ខូចរលួយ ដោយសារការយឺតយ៉ាវ។ បើតាមគយវៀតណាម គិតត្រឹមថ្ងៃទី២១ ខែធ្នូ មានរថយន្តកុងតឺន័រចំនួន ៦,២០០ គ្រឿងបានជាប់គាំងនៅព្រំដែនជាមួយប្រទេសចិន ដែលក្នុងនោះមាន ៤,៤០០ គ្រឿងនៅក្នុងខេត្ត Lang Son។ អ្នកនាំចេញត្រូវជាប់គាំងនៅចន្លោះថ្ម និងកន្លែងពិបាក៖ ពួកគេមិនអាចឆ្លងព្រំដែនទៅលក់ក្នុងប្រទេសចិនបានទេ ប៉ុន្តែការវិលត្រឡប់ទៅលក់ក្នុងស្រុកវិញទំនងជានឹងធ្វើឱ្យមានការខាតបង់ធំ។
ដោយឡែកបើតាម ពាណិជ្ជករមួយរូបនៅក្នុងតំបន់ដីសណ្តមេគង្គ បានប៉ាន់ប្រមាណថា ការខាតបង់របស់នាងមានចំនួនរាប់ពាន់លានដុង (1 ពាន់លានដុង = ៤៣,៦២៥ ដុល្លារ) នៅឆ្នាំនេះ។ លោកស្រីបានបន្ថែមថា គោលនយោបាយ “សូន្យកូវីដ” របស់ប្រទេសចិនបានធ្វើឱ្យអ្នកនាំចេញកសិកម្មវៀតណាមរងទុក្ខ។
ជាក់ស្ដែងប្រទេសចិនបាននឹងកំពុងរឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពលើការនាំចូលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ដែលបានរាយការណ៍ពីករណីថ្មីចំនួន ១៥,៩០០ ជារៀងរាល់ថ្ងៃក្នុងសប្តាហ៍ចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ចិនបានបិទច្រកព្រំដែនមួយចំនួនរបស់ខ្លួនជាមួយប្រទេសវៀតណាម ធ្វើឱ្យច្រកទ្វារពីរក្នុងចំណោមច្រកទ្វារចំនួនបីនៅ Lang Son ដែលជាផ្លូវសំខាន់ៗសម្រាប់អ្នកនាំចេញវៀតណាម បណ្ដាលឱ្យមានការកកស្ទះកុងតឺន័រ។
គួរបញ្ជាក់ផងដែរថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម ចំណូលនៃការនាំចូល-នាំចេញនៃផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងពី ៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៥ ដល់ ១១ ពាន់លានដុល្លារកាលពីឆ្នាំមុន។ ហើយចិន ក៏ជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម នេសាទ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ ពាន់លានដុល្លារក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ១៩.២% នៃការនាំចេញកសិផលសរុបរបស់វៀតណាម៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


