ក្នុងបរិបទជំងឺកូវីដ១៩ កម្ពុជារក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគថ្មីចំនួន ១៩៥គម្រោង គម្រោងពង្រីកផលិតកម្មចំនួន ៤៣ គម្រោង
សេដ្ឋកិច្ច December 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងបរិបទជំងឺកូវីដ ១៩ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ថ្មីចំនួន ១៩៥គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤៣គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៥១ ០០០កន្លែង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការអន្តរ ក្រសួងសម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធបានសម្រេចនូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លើយតបនឹងវិបត្តិនេះ ដោយភាពស្វាហាប់ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រកបដោយស្មារតីបុរេសកម្មសំដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រដល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដោយរក្សាបាននូវការងារ, លំនឹងជីវភាពប្រជាជន និងធុរកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំថ្នាក់ដឹកនាំក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត វិស័យឯកជន និងអង្គភាពពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធ្វើការផ្លាស់ប្តូរ និងលើកស្ទួយរចនាសម្ព័នឧស្សាហកម្ម ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មពលកម្មផ្អែកលើជំនាញនៅឆ្នាំ២០២៥ ក៏ដូចជាការលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាព សំដៅប្រែក្លាយពីឧស្សាហកម្មមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ស្របតាមគោល នយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យមានកំណើនខ្ពស់ប្រកប ដោយចីរភាព និងបរិយាប័ន្ន សម្រាប់ភាពសុខដុមក្នុងសង្គមដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបាននាពេលកន្លងមក ដែលឆ្លុះបញ្ចាំងឱ្យឃើញថា ទោះបីជាប្រទេសយើងបានរងការ គម្រាមកំហែងយ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម និងជាឧបសគ្គរារាំងក្នុងការអនុវត្តសកម្មភាពលើគ្រប់វិស័យក៏ដោយ ក្រសួងស្ថាប័នពាក់ព័ន្ធនៅតែខិតខំបំពេញតួនាទីរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវដើម្បីសម្រេចបាននូវគោល បំណងជាសសរស្តម្ភទាំងបីនៃគោលនយោបាយ ៖ រួមមាន (១) ការបង្កើនឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ (២) ការលើក កម្ពស់ការអភិវឌ្ឍជំនាញ និងធនធានមនុស្ស និង (៣) ការពង្រឹងអភិបាលកិច្ចទីផ្សារការងារផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន