ប្រទេសឡាវ គ្រោងនឹងបើកទ្វារឡើងវិញទទួលភ្ញៀវទេសចរមកពី ១៧ប្រទេស នៅថ្ងៃទី០១ ខែមករា ក្រោយពេលបិទទ្វារ ជិតពីរឆ្នាំដោយសារការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ភ្ញៀវមកពីប្រទេស អូស្ត្រាលី កម្ពុជា វៀតណាម កាណាដា ចិន បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី ហូឡង់ សិង្ហបុរី អេស្បាញ កូរ៉េខាងត្បូង ថៃ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកនឹងត្រូវបានអនុញ្ញាត ខណៈដែលប្រទេសនេះចាប់ផ្តើមផែនការបើកដំណើរការទេសចរណ៍អន្តរជាតិជា ៣ដំណាក់កាល។
ក្នុងដំណាក់កាលទី១ ចាប់ពីខែមករា ដល់ថ្ងៃទី៣០ ខែមីនា ភ្ញៀវទេសចរនឹងអាចចូលប្រទេសឡាវបានតាមអាកាស និងផ្លូវគោក ឆ្លងកាត់ស្ពានមិត្តភាពឡាវ-ថៃទី១ នៅទីក្រុងវៀងចន្ទន៍។ ដំណាក់កាលទី២ នឹងធ្វើឡើងពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា និងដំណាក់កាលទី៣ ចាប់ពីថ្ងៃទី១ ខែកក្កដា។
កាសែត Laotian Times បានរាយការណ៍ថា អ្នកទេសចរត្រូវបានតម្រូវឱ្យចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ កូវីដ-១៩ គ្រប់ចំនួនដូស យ៉ាងហោចណាស់ ១៤ថ្ងៃមុនពេលមកដល់ និងផ្តល់ការធ្វើតេស្ត PCR អវិជ្ជមានដែលបានធ្វើឡើងក្នុងរយៈពេល ៧២ម៉ោងចុងក្រោយ។
ជាមួយគ្នានេះ ពួកគេអាចមកបានតែដំណើរទេសចរណ៍ជាកញ្ចប់ជាមួយភ្នាក់ងារទេសចរណ៍ដែលបានកំណត់ ហើយមានការធានារ៉ាប់រង រួមទាំងការព្យាបាលកូវីដ-១៩ ដែលមានតម្លៃយ៉ាងតិច ៥០,០០០ ដុល្លារ។ អ្នកទេសចរត្រូវទាញយក និងចុះឈ្មោះនៅលើកម្មវិធីទូរសព្ទ LaoKYC និង LaoStaySafe មុនពេលមកដល់ប្រទេសឡាវ ហើយបង្ហោះវិញ្ញាបនប័ត្រវ៉ាក់សាំង និងលទ្ធផលតេស្តរបស់ពួកគេ។ លើសពីនេះ ពួកគេនឹងត្រូវបានធ្វើតេស្តនៅពេលមកដល់ និងដាក់ឱ្យនៅដាច់ពីគេក្នុងសណ្ឋាគាររបស់ពួកគេរយៈពេលមួយថ្ងៃ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


