យោងតាមការចុះផ្សាយរបស់សារព័ត៌មាន tuoitrenews កុងតឺន័រជិត ៥០០០ គ្រឿងដែលដឹកផ្លែឈើត្រូវនាំចេញទៅកាន់ប្រទេសចិន បានជាប់គាំងនៅច្រកព្រំដែនចំនួន ៣ នៅភាគខាងជើងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ បើតាមស្ថិតិពីមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ កុងតឺន័រប្រហែល ៤,៨០០គ្រឿង កំពុងរង់ចាំការត្រួតពិនិត្យ និងបោសសម្អាតផលិតផលនៅច្រកព្រំដែន Tan Thanh, Huu Nghia និងច្រកព្រំដែន Chi Ma ក្នុងខេត្ត Lang Son។
ក្នុងនោះនៅច្រកព្រំដែន Tan Thanh មានរថយន្តប្រមាណ ២,៨០០គ្រឿង ដែលភាគច្រើនដឹកខ្នុរ ស្វាយ ស្រកានាគ និងឪឡឹកពីខេត្តភាគខាងត្បូងវៀតណាម។ លោក Huynh Tan Dung អាយុ ៥៧ ឆ្នាំ ជាអ្នកដឹកទំនិញបាននិយាយថា៖ « គាត់បានស្នាក់នៅច្រកព្រំដែនអស់រយៈពេល ២០ ថ្ងៃហើយ។ លោក Dung ដែលមានបទពិសោធដឹកជញ្ជូនជិតពីរទសវត្សរ៍បានប្រាប់ថា លោកមិនដែលជួបស្ថានភាពបែបនេះពីមុនមកទេ។
ជាមួយគ្នានេះ លោកបាន ពន្យល់ថា៖ « យើងត្រូវចំណាយ ៤០០,០០០ ដុង (១៧ដុល្លារ) ក្នុងមួយថ្ងៃលើថ្លៃចតរថយន្ត និង៣០០,០០០ ដុង (១៣ដុល្លារ) ក្នុងមួយថ្ងៃលើប្រេងឥន្ធនៈ ដែលចាំបាច់សម្រាប់ដំណើរការទូទឹកកកដើម្បីរក្សាផ្លែឈើឱ្យនៅស្រស់។ ទន្ទឹមនឹងនេះ យើង
ក៏ត្រូវបង់ថ្លៃអាហារ ថ្លៃងូតទឹក និងថ្លៃបង្គន់ដែរ »។ លោក Dung បានបន្តថា ប្រសិនបើស្ថានការណ៍បន្តអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ផលិតផលនឹងរលួយ និងមិនអាចលក់បាន ដែលនឹងបណ្តាលឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរសម្រាប់ទាំងអ្នកបើកបរ និងអាជីវកម្ម។
ដោយឡែកបើតាម លោក Dinh Trung Kien អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រងច្រកទ្វារព្រំដែន Tan Thanh បាននិយាយថា ប្រទេសចិន ពីមុនបានបញ្ឈប់សកម្មភាពនាំចូល-នាំចេញនៅច្រកព្រំដែនកាលពីថ្ងៃពុធ ដោយសារតែ “កំហុសបណ្តាញមួយចំនួន”។ សកម្មភាពត្រូវបានបន្តនៅថ្ងៃសៅរ៍ ប៉ុន្តែត្រូវបានផ្អាកម្តងទៀតនៅថ្ងៃដដែលនោះ ដោយភាគីចិនមិនបានប្រកាសពីហេតុផលណាមួយនៅពេលនេះទេ ហើយការនាំចូល និងនាំចេញក៏ត្រូវបានផ្អាកនៅច្រកព្រំដែន Chi Ma នៅថ្ងៃទី៨ ខែធ្នូផងដែរ។
លោកបានបន្ថែមថា ទន្ទឹមនឹងនោះ ការបោសសម្អាតផលិតផលបាននឹងកំពុងដំណើរការក្នុងល្បឿនយឺតនៅច្រកទ្វារព្រំដែន Huu Nghi ។ អាជ្ញាធរនៅ Lang Son បាននិងកំពុងចរចាជាមួយសមភាគីចិន ដើម្បីពន្លឿនដំណើរការបោសសម្អាតផលិតផល។ ជាមួយគ្នានេះអាជីវកម្មក្នុងស្រុកត្រូវបានណែនាំប្រឆាំងនឹងការដឹកជញ្ជូនផលិតផលបន្ថែមទៀតទៅកាន់ច្រកព្រំដែនទាំងនេះក្នុងអំឡុងពេលនេះ៕










អត្ថបទ៖ លីនី
ប្រភព៖ tuoitrenews


