ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានកំពុងរៀបចំគម្រោងថ្មីមួយស្តីពី ” ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ” ដែលនឹងអនុម័តនៅឆ្នាំ ២០២២ ហើយគ្រោងចំណាយថវិកាអស់ ១០០លានដុល្លារ។ គម្រោងនេះ ត្រូវបានលើកឡើងដោយលោក Anthony Gill នាយកស្តីទីនៃបេសកកម្ម ADB ប្រចាំកម្ពុជា ក្នុងជំនួបពិភាក្សាការងារអំពីគម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកប ដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project) ជាមួយឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន។
បើតាមលោក Anthony Gill គម្រោងនេះនឹងអនុម័តនៅឆ្នាំ២០២២ ហើយគ្រោងនឹងចំណាយថវិកាអស់ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ (Concessional Loan) និង ADB Grand Funds ១០លានដុល្លារ។
លោកបានបញ្ជាក់ថា គម្រោងនេះ នឹងជួយវិស័យជនផលក្នុងការ ៖
១- លើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ។
២- កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។
៣- ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ
៤- ការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រ។
ចំពោះគម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងក្លាយជាភ្នាក់ងារប្រតិបត្តិ ហើយរដ្ឋបាលជលផល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងក្លាយជាភ្នាក់ងារអនុវត្ត។
នាឱកាសនេះផងដែរភាគីទាំងពីរក៏បានលើកយកប្រធានបទស្តីពី “ការធ្វើឲ្យប្រសើរឡើងទាំងគុណភាព និងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្ម ” ដើម្បីលើកកម្ពស់សមត្ថភាពវិភាគ និងពិសោធន៍លើរាល់ផលិតផលកសិកម្ម មុនធ្វើការនាំចេញ និងពិនិត្យគុណភាព និងសុវត្ថិភាពផលិតផលនៅលើទីផ្សារ។ ចំពោះការអនុវត្តគម្រោង ភាគីទាំងពីរបានឯកភាពគ្នាថានឹងខិតខំពង្រឹងកិច្ចសហការធ្វើយ៉ាងណាឲ្យដំណើរការនៃការអនុវត្តប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ៕




អត្ថបទ៖ លីនី


