រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ និងទិសដៅរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត។
ក្នុងនោះ រដ្ឋាភិបាលក៏បានលើកឡើងថា នឹងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែតទៅសៀមរាបឆ្ពោះទៅកំពង់ធំ និងរាជធានីភ្នំពេញ និងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត ព្រំដែនប្រទសវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕





អត្ថបទ៖ លីនី


