យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានជាសម្លេងបានឱ្យដឹងថា រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំ ជិត៣ពាន់គ្រឿងហើយបានមកបង់ពន្ធ ទទួលចំណូលជាង ២៨លានដុល្លារ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ មានចំនួនជិត ៣០០០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ ដែលមានទឹកប្រាក់ពន្ធចំនួនជាង ២៨លានដុល្លារអាមេរិក។
ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។
ឯកឧត្តមបានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ ទាំងរថយន្តចង្កួតឆ្វេងចំនួន ១៣៥៩គ្រឿង គិតជាប្រាក់ពន្ធជាង ១៧ ៦៨៩ ១៣៤ដុល្លារ និងរថយន្តចង្កួតស្តាំចំនួន១៥០០គ្រឿង គិតជាប្រាក់ពន្ធ ១០ ៨៣២ ៩៣២ ដុល្លារ។
លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មានរថយន្តអត់ពន្ធទាំងឆ្វេង ទាំងស្តាំ បានសម្រុកនាំយករថយន្តរបស់ខ្លួន មកបង់ពន្ធយ៉ាងច្រើន។ តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕


ប្រភព៖ ក្រសួងព័ត៌មាន


