រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ បានយល់ព្រមក្នុងការផ្តល់ថវិកាចំនួន ៨២.៥ ពាន់លានបាត (ប្រមាណ ២.៤៧ពាន់លានដុល្លារ) ដើម្បីស្តារឡើងវិញប្រឡាយ Klong Saen Saeb របស់ទីក្រុងបាងកក ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ (២០២១-២០៣១។ សំណើសម្រាប់ការស្តារប្រឡាយនេះ ធ្វើឡើងដោយការិយាល័យធនធានទឹកជាតិ (ONWR)។
លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ៨១% នៃថវិការបស់គម្រោងនឹងបានមកពីរដ្ឋាភិបាល ហើយនៅសល់បានមកពីមូលនិធិ BMA និងភាពជាដៃគូសាធារណៈ (PPP)។ ផែនការស្តារឡើងវិញមានគោលបំណងដោះស្រាយបញ្ហាទឹកសំណល់ដែលហូរចូលប្រឡាយ និងបញ្ហាសំរាមអណ្តែតទឹកនៅប្រឡាយ Klong Saen Saep ដែលជាផ្លូវដឹកជញ្ជូនផ្នែកផ្លូវទឹកដ៏សំខាន់មួយរបស់ទីក្រុងបាងកក។
លោកស្រី Rachada បានបន្ថែមថា ភ្នាក់ងារចំនួន ៨ នឹងធ្វើការដើម្បីលើកកម្ពស់សុវត្ថិភាពដឹកជញ្ជូនតាមប្រឡាយ កែលម្អទេសភាពជុំវិញ លុបបំបាត់ការបំពុល ការបំផ្លាញធនធានធម្មជាតិ និងគ្រប់គ្រងធនធានទឹកតាមរយៈអនុគម្រោងចំនួន ៨៤ ។ ការបង្កើនសមត្ថភាពព្យាបាលទឹក នឹងជួយពន្លឿនការបង្ហូរទឹក និងពង្រីកតំបន់ការពារទឹកជំនន់ក្នុងទីក្រុងបាងកក ហើយផែ ក៏នឹងត្រូវសាងសង់នៅតាមបណ្តោយប្រឡាយ ដើម្បីទទួលអ្នកដំណើរពី ៨០០ ទៅ ១០០០ នាក់ក្នុងមួយថ្ងៃ ដែលប្រើកាណូតអគ្គិសនីធ្វើដំណើរ៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


