យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតរហូតមកទល់ពេលនេះ បើទោះបើជាថ្ងៃបុណ្យឆ្លងឆ្នាំសកលឈានជិតចូលមកដល់ យ៉ាងណាក្ដី ប៉ុន្តែនៅខេត្តកំពត និងខេត្តកែប ហាក់ពុំទាន់មានភ្ញៀវមកធ្វើការកក់សណ្ឋាគារ ផ្ទះ សំណាក់ ឬរីស្សត ដើម្បីទុកសម្រាប់សម្រាកលម្ហែកាយ ក្នុងឱកាសឆ្លងឆ្នាំសកល នៅឡើយទេ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ទីរទេសចរណ៍ខេត្តកំពត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ នានា នៅក្នុងខេត្តកែប និងខេត្ដកំពត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងនៅ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះថា បើទោះជាថ្ងៃឆ្លងឆ្នាំសកលជិតមកដល់ហើយ យ៉ាងណាក្ដី គឺនៅសល់ជិតកន្លះខែទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃឆ្លងឆ្នាំសកល ដែលរហូតមកដល់ ពេលនេះមិនទាន់មានភ្ញៀវមកកក់សណ្ឋាគារ ផ្ទះសំណាក់ ក្នុងខេត្តកំពត នៅឡើយ។
លោកបានលើកឡើងថា សម្រាប់ពេលវេលាដែលភ្ញៀវត្រូវមកកក់កន្លែងស្នាក់នៅ លុះត្រា តែជិតកៀកថ្ងៃបុណ្យ ដោយភាគច្រើននៅមុនថ្ងៃឆ្លងឆ្នាំប្រហែល ៣ទៅ៤ថ្ងៃ ទើបក្រុមភ្ញៀវ សម្រុកមកកក់សណ្ឋាគារ និងផ្ទះសំណាក់ យ៉ាងច្រើនកុះករ។
ជាមួយគ្នានេះ បើតាមការរៀបរាប់ពីម្ចាស់ផ្ទះសណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ និង ម្ចាស់រីស្សតធំៗ ល្បីៗ នៅខេត្តកែបក៏បានឱ្យដឹងដែរថា ថ្វីត្បិតខេត្តកែបជាខេត្ត ទេសចរណ៍យ៉ាងប្រណិត ប៉ុន្តែរឿងភ្ញៀវមកកក់សណ្ឋាគារ ផ្ទះសំណាក់នៅពេលនេះ មិនទាន់មាន នៅឡើយទេ ព្រោះថាទម្លាប់ភ្ញៀវដែលមកពីបណ្តាខេត្តឆ្ងាយៗ សុទ្ធសឹងតែមក កក់មុនថ្ងៃឆ្លងឆ្នាំ យ៉ាងហោចណាស់ ៥ ទៅ៦ថ្ងៃដែរ ព្រោះអ្នកមកពីខេត្តឆ្ងាយៗ ភាគច្រើន ជាប់រវល់ប្រកបការងាររកស៊ី មិនខុសគ្នានឹងពលរដ្ឋនៅខេត្តកែបនោះទេ។
បើតាមមន្រ្ដីនៃមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា បើទោះបីភ្ញៀវមិនទាន់មកកក់ សណ្ឋាគារ ផ្ទះសំណាក់ នៅឡើយ តែរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតំបន់រមណីយដ្ឋានជាច្រើន ក្នុងខេត្តកំពត និងខេត្តកែប គឺមានភ្ញៀវទេសចរសម្រុកមកលេងកម្សាន្ត រៀងរាល់ សប្តាហ៍ផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន


