រយៈពេល ១១ខែនៃឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធ-អាករបានចំនួន ១០ ៣៦៨,៥០ ប៊ីលានរៀល (ប្រមាណជា ២ ៥៦០,១២ លានដុល្លារអាមេរិក) ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយដ្ឋានពន្ធដារ តាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៣ធ្នូ ឆ្នាំ២០២១ ក៏បានបញ្ជាក់ថា ចំណូលដែលប្រមូលបាននេះ គឺលើសផែនការរហូតដល់ ១៤,១៣ %។
ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំណូលពន្ធ-អាករ គ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (ប្រព័ន្ធ គ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩៩០,២៩ ប៊ីលានរៀល (ប្រមាណជា ២៤៤,៥២ លានដុល្លារអាមេរិក) ស្មើនឹង ១០,៩០% នៃផែនការប្រចាំឆ្នាំ២០២១។ បើធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៤៩,៣១ ប៊ីលានរៀល (ប្រមាណជា ១២,១៧ លានដុល្លារអាមេរិក) ស្មើនឹង ៥,២៤%៕







អត្ថបទ៖ លីនី


