កសិករជាប់ព្រំដែន ញញឹមបិទមាត់មិនជិត ខណៈការប្រមូលផលដំឡូងមីដើមដៃនេះមានតម្លៃថ្លៃ
សេដ្ឋកិច្ច December 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន អាជីវករខ្មែរនៅស្រុកជាប់ព្រំដែនខេត្តបាត់ដំបង ឱ្យដឹងថា បច្ចុប្បន្ននេះតម្លៃដំឡូងមីស្រស់និងក្រៀម មានការកើនឡើងជាងឆ្នាំមុន ធ្វើឱ្យកសិករ មានចិត្តរីករាយ ខណៈការប្រមូលផលចាប់ផ្តើមដំណើរការបណ្តើរៗហើយ ។ លោក សិទ្ធិ ជាអាជីវករទិញដំឡូងមីម្នាក់នៅស្រុកកំរៀងបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្លៃដំឡូងមីស្រស់ លក់ដល់សាយឡូ តម្លៃ២,៨បាត ដំឡូងក្រៀម ៦,៦បាត ក្នុងមួយគីឡូ បើប្រៀបធៀបឆ្នាំមុនមានការកើនឡើង ដោយឆ្នាំមុនដំឡូងស្រស់ចន្លោះពី២បាត ទៅ២បាតបីកាក់ និង ដំឡូងក្រៀម ៥បាតជាងប៉ុណ្ណោះក្នុងមួយគីឡូ ។

ឈ្មួញកណ្តាលខាងលើបានឱ្យដឹងថា ឆ្នាំនេះមូលហេតុដែលដំឡូងមីឡើងថ្លៃនេះ ដោយសារតែខាងឈ្មួញថៃ និង ឈ្មួញវៀតណាម ប្រជែងគ្នាទិញ ដោយពួកគេដាក់តម្លៃដេញជើងគ្នា ។ លោកឱ្យដឹងថា ឈ្មួញថៃ គេបើករថយន្តកង់ដប់ ចូលមកទិញដល់សាយឡូក្នុងទឹកដីខ្មែរ នៅស្រុក ជាប់ព្រំដែនខេត្តបាត់ដំបងផ្ទាល់តែម្ដង ចំណែកឈ្មួញវៀតណាមឱ្យឈ្មួញកណ្តាលខ្មែរដំឡើងថ្លៃដំឡូងមី ដើម្បីប្រជែងជាមួយថៃ រួចប្រមូលទិញ ដឹកយកទៅលក់ឱ្យខ្លួននៅព្រំដែនប្រទេសវៀតណាម ។

លោក កឿន សត្យា អភិបាលរងស្រុកកំរៀងខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រមូលផលដំឡូងមី ទើបតែចាប់ផ្តើមប៉ុណ្ណោះ ជាធម្មតាកសិករ ប្រមូលផលរហូតដល់ចុងខែមីនា ទើបអស់ ។ លោកបញ្ជាក់ថាឆ្នាំនេះ កសិករមានភាពរីករាយ ដោយសារតែ តម្លៃដំឡូងមីឡើងថ្លៃជាងឆ្នាំមុន នៅដើមដៃនេះ។ ទោះបីយ៉ាងណា ថ្វីដ្បិតតម្លៃ ដំឡូងមីឡើងថ្លៃមែន តែការដាំដុះរបស់កសិករទទួលបានទិន្នផលធ្លាក់ចុះដែរ ដោយសារតែកត្តាធម្មជាតិ ។ លោកបញ្ជាក់ថា នៅស្រុកកំរៀងមានប្រជាពលរដ្ឋជាង ១ម៉ឺន៥ពាន់គ្រួសារ មនុស្សរាយ មានជាង៦ម៉ឺននាក់ ពួកគាត់ ៨៤ភាគរយ មានមុខរបរធ្វើកសិកម្ម លើផ្ទៃដី៤៨ ២២០ហិកតា ដែលក្នុងនោះដាំដុះដំណាំដំឡូងមីចំនួន ១៧ ០៧១ហិកតា ៕

ប្រភព៖ ក្រសួងព័ត៌មាន