វៀតណាម នឹងបើកជើងហោះហើរអន្តរជាតិឡើងវិញជាមួយប្រទេសចំនួន ៩ នៅដើមឆ្នាំក្រោយ ក្នុងនោះក៏មានកម្ពុជាដែរ
ទេសចរណ៍ December 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលវៀតណាមបានអនុម័តការបន្តជើងហោះហើរអន្តរជាតិឡើងវិញរវាងប្រទេសវៀតណាម និងគោលដៅប្រទេសចំនួន ៩។ ការបើកជើងហោះហើរអន្តរជាតិឡើងវិញនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែមករា ខាងមុងខនេះ ជាមួយប្រទេសដែលបានគ្រប់គ្រងអត្រាការចាក់វ៉ាក់សាំងខ្ពស់ និងការគ្រប់គ្រងជំងឺរាតត្បាតបានល្អរួមមាន៖ សហរដ្ឋអាមេរិក, សិង្ហបុរី, ថៃ ,កម្ពុជា ,ឡាវ ,ចិន ,ជប៉ុន ,កូរ៉េខាងត្បូង និងតៃវ៉ាន់។

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បាននិយាយនៅក្នុងសេចក្តីណែនាំរបស់រដ្ឋាភិបាលថា ការបន្តជើងហោះហើរធម្មតាឡើងវិញ គឺសំដៅស្តារឡើងវិញនូវសកម្មភាពដឹកជញ្ជូនអ្នកដំណើរអន្តរជាតិ បង្កើនល្បឿននៃការស្តារសេដ្ឋកិច្ច និងទេសចរណ៍ និងផ្តល់លទ្ធភាពឱ្យជនជាតិវៀតណាមនៅឯបរទេសត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា វៀតណាមបានផ្អាកជើងហោះហើរអន្តរជាតិកាលពីខែមីនាឆ្នាំមុន សម្រាប់រយៈពេលដ៏យូរដែលអនុញ្ញាតឱ្យមានតែជនជាតិរបស់ខ្លួន អ្នកជំនាញបរទេស អ្នកវិនិយោគ និងកម្មករដែលមានជំនាញខ្ពស់ប៉ុណ្ណោះ ចូលមកក្នុងប្រទេសដោយជើងហោះហើរពិសេស៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress