យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងកាលពីថ្ងៃ ទី០៩ ខែធ្នូ ឆ្នាំ២០២១ថា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ និងប្រកាល ទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ឱ្យមកកម្សាន្តនៅប្រទេស កម្ពុជា ឥឡូវនេះក្រុមហ៊ុនអាកាសចរណ៍ចំនួនពីរ បានប្រកាសចាប់ផ្តើមហោះហើរមកកាន់ ខេត្តសៀមរាប ចាប់ពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០២១នេះ។
ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរនោះមានដូចជា៖ ទី១. ក្រុមហ៊ុនអាកាសចរណ៍សាំង ហ្កាពួអែរឡាញនឹងធ្វើការហោះហើរដឹកអ្នកដំណើរមកកាន់ខេត្តសៀមរាប និងពីខេត្តសៀម រាបទៅសិង្ហបុរីវិញជារៀងរាល់ថ្ងៃ និងទី២.ក្រុមហ៊ុនអាកាសចរណ៍ ឡាយម៉ីអែរឡាញ (Lamei Airlines) នឹងធ្វើការហោះហើរពីភ្នំពេញមកសៀមរាប និងពីសៀមរាប ទៅបាងកក ពីបាងកក មកសៀមរាបវិញ ក្នុងមួយសប្តាហ៍ពីរជើង។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រតិបត្តិករ ទេសចរនៅខេត្តសៀមរាប ដែលអាចនឹងគិតគូរចាប់ផ្តើមបើកអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប បន្ទាប់ពីយើងបានរងផលប៉ះពាល់ដោយសារកូវីដ១៩ រយៈពេលជិត២ឆ្នាំ កន្លងមកនេះ។
លោកបានបញ្ជាក់ថា ឥឡូវនេះសម្រាប់ខេត្តសៀមរាប សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សហគមន៍អេកូទេសចរណ៍ បានកំពុងរៀបចំត្រៀមទទួលការមកដល់របស់ ភ្ញៀវទេចរខាងមុននេះ៕


ប្រភព៖ ក្រសួងព័ត៌មាន


