ADB និងរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាលើកញ្ចប់ហិរញ្ញប្បទាន ៣៣២ លានដុល្លារ ដើម្បីបង្កើនការងើបឡើងវិញនៃសេដ្ឋកិច្ច
សេដ្ឋកិច្ច December 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានចុះហត្ថលេខាលើ កញ្ចប់ហិរញ្ញប្បទាន៣៣២,០៥លានដុល្លារដើម្បីគាំទ្រដល់ការឆ្លើយតបរបស់កម្ពុជាទៅនឹង ជំងឺកូវីដ១៩ អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ កសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងជួយកែលម្អបណ្តាញផ្លូវ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជា នៃធនាគារអភិវឌ្ឍន៍អាស៊ីលោក Anthony Gill នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចី និងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសន្តិសុខ សុខភាពមហាអនុតំបន់មេគង្គ(GMS) ចំនួន៣០លានដុល្លារ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាន១៨០លានដុល្លារ គម្រោងកែលម្អបណ្តាញ ផ្លូវថ្នល់(ដំណាក់កាលទី២) ៨២,០៥លានដុល្លារ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន៤០ លានដុល្លារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

លោក Anthony Gill បានបញ្ជាក់ថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងរបស់កម្ពុជា ADB ប្តេជ្ញាគាំទ្រលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ គម្រោងទាំងនេះនឹងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈការកែលម្អសេវាថែទាំសុខភាពបរិយាប័ន្នហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម ទីក្រុងនៅទីតាំងយុទ្ធសាស្ត្រមួយចំនួននិងបណ្តាញផ្លូវថ្នល់”។

លោកបានបន្ដថា គម្រោង សន្តិសុខសុខភាពមហាអនុតំបន់មេគង្គនឹងធ្វើឱ្យប្រសើរឡើងនូវសេវាមន្ទីរពិសោធន៍និងការត្រួតពិនិត្យបង្ការការឆ្លងរោគតាមមន្ទីរពេទ្យខេត្ត និងស្រុកចំនួន៨១ នៅទូទាំងប្រទេស កម្ពុជា។ លោកបានបន្ថែមថា “វានឹងជំរុញប្រព័ន្ធតាមដាននិងឆ្លើយតបជំងឺការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ និងការតាមរកករណីឆ្លងដោយភ្នាក់ងារសុខាភិបាលមជ្ឈឹម ខេត្ត និងស្រុក។ គម្រោងនេះក៏ត្រូវបានផ្តល់ជាមូលនិធិតាមរយៈជំនួយចំនួន៥លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction ឬJFPR) របស់រដ្ឋាភិបាលជប៉ុនផងដែរ”។

ជាមួយគ្នានេះដែរ គម្រោងវិនិយោគទីក្រុងដែលអាចរស់នៅបាននឹង ជួយផ្តល់សេវាគ្រប់គ្រងទឹកសំណល់ និងសំណល់រឹងកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ ជាង១៤ ម៉ឺននាក់នៅក្រុងបាវិត កំពត និងប៉ោយប៉ែត។ គម្រោងនេះ នឹងជួយទីក្រុងទាំងបីកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀង ប្រព័ន្ធលូក្នុងទីក្រុង និងកាត់បន្ថយទឹកជំនន់។ JFPR បានផ្តល់ជំនួយបច្ចេកទេសចំនួន២លានដុល្លារ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អផែនការប្រើ ប្រាស់ដីធ្លីនិងអភិបាលកិច្ចក៏ដូចជាការងារផ្សេងទៀត។ ចំពោះដំណាក់កាលទី២ នៃគម្រោង កែលម្អបណ្តាញផ្លូវនឹងស្តារឡើងវិញនូវផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្ត ព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតាមច្រករបៀង សេដ្ឋកិច្ចមហា អនុតំបន់មេគង្គ ភាគខាងត្បូង។ គម្រោងនេះនឹងបញ្ចូលការរចនាដែលធន់នឹងគ្រោះ មហន្តរាយ និងអាកាសធាតុ ហើយជួយក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការគ្រប់ គ្រងផ្លូវថ្នល់ឱ្យបានកាន់តែប្រសើរ។

ដោយឡែក សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន នឹងជួយរដ្ឋាភិបាលពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសខ្នាតតូច និង មធ្យមអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុនិងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ។

សូមជម្រាបជូនថា បច្ចុប្បន្នធនាគារអភិវឌ្ឍន៍អាស៊ីកំពុងអនុវត្តន៍គម្រោងវិនិយោគសរុបមានតម្លៃ ២,០៨ពាន់លានដុល្លារនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ ADB បានផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង៤៧៧,២លានដុល្លារ ដល់កម្ពុជា និងផ្តល់បន្ថែមចំនួន២៨១,៣លាន ដុល្លារ តាមរយៈការផ្តល់សហហិរញ្ញប្បទាន។ ទឹកប្រាក់បម្រុងពី ADB សម្រាប់ឆ្នាំ២០២១-២០២៤ រួមមានប្រាក់កម្ចីសម្បទានចំនួន ១,៣៨ ពាន់លានដុល្លារ និងជំនួយឥត សំណង៣៦,៨លានដុល្លារ ត្រៀមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង ការងើបឡើងវិញ ពីជំងឺរាតត្បាតកូវីដ១៩របស់កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន