សាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាលើមធ្យោបាយដឹកជញ្ជូន គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ បានជាង ១០ទ្រីលានរៀល
សេដ្ឋកិច្ច December 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក សន ស៊ីផល ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានត្រូវបិទបញ្ចប់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាម សាខាពន្ធដារក្រុង ស្រុក ខេត្តព្រះសីហនុ។

លោកប្រធានសាខាពន្ធដារខេត្តបានបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ មានយានយន្តចំនួន ២០ ០៩០គ្រឿង ប្រមូលប្រាក់ពន្ធ បានចំនួន ១០ ២២០ ១៤០ ០០០រៀល (ជាង ១០ ទ្រីលានរៀល) បើប្រៀបធៀបនឹងឆ្នាំ ២០២០ មានយានយន្តចំនួន១៦ ២៥០គ្រឿង បានចូលបង់ពន្ធ និងប្រមូលថវិកាបានចំនួន ៨ ៨៩៦ ៥១០ ០០០រៀល បើធ្វើការប្រៀបធៀបរយ: ពេលដូចគ្នាមានការកើនឡើង ចំនួន ៤០៥០គ្រឿង កើនឡើងស្មើនឹង ២៥ភាគរយ។ ឆ្នាំ២០២១នេះ ម្ចាស់យានយន្តគ្រប់ប្រភេទ បានចូលមកបង់ពន្ធលើមធ្យាបាយដឹកជញ្ជូនរបស់ខ្លូន មានការកើនឡើងជាងឆ្នាំកន្លងមក នេះដោយសារតែប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសកត្តា សុខសន្តិភាព។

លោកប្រធានសាខាពន្ធដារខេត្តព្រះសីហនុ បានបន្តឱ្យដឹងបន្ថែមទៀតថា ទោះបីពិភព លោកក៏ដូចជាប្រទេសកម្ពុជា ជួបនឹងវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ប៉ុន្តែការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ នៅតែមានការ កើនឡើងជាងឆ្នាំ២០២០ ហើយកត្តានៃការប្រមូលពន្ធមានការកើនឡើងនោះ ដោយសារ តែបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងអំពីកាតព្វកិច្ចបង់ពន្ធ បានមកបង់ពន្ធនៅតាមសាខា ពន្ធដារ និងតាមធនាគារនានាដែលនៅជិតផ្ទះបានទាន់ពេលវេលា ពិសេសទៀតមន្ត្រី របស់យើងបានបំពេញតួនាទីក្នុងការបម្រើសេវា សាធារណៈជូនអតិថិជនដោយការ ទទួលខុសត្រូវខ្ពស់។

លោក សន ស៊ីផល បានថ្លែងអំណរគុណឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិ ភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារ ដែលបានបង្កើតកម្មវិធី “GDT” Taxpayer App តាមទូរស័ព្ទដៃ ជូនអតិថិជនកាន់តែ មានភាពងាយស្រួលក្នុងការបង់ពន្ធបានឆាប់រហ័សចំណេញពេលវេលា និងមិនមានហានិ ភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយមន្ត្រីសាខាពន្ធដាររបស់យើងបានបំពេញ ឯកសារ និងនាំយកឯកសារជូនអតិថិជនដល់លំនៅឋានតែម្តង កាន់តែមានភាពងាយស្រួល និងមានការជឿទុកចិត្ត។ ម្យ៉ាងទៀតការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២១ នៅសប្តាហ៍ទី៣ និងទី៤ នៃការបិទបញ្ចប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ ប្រភេទ ប្រចាំឆ្នាំ២០២១ មិនមានប្រជាពលរដ្ឋសម្រុកមកបង់ពន្ធមធ្យោបាយដឹកជញ្ជូននៅតាម សាខាក្រុង ស្រុក ខេត្ត និងតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់ គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានដូចជា ធនាគារអេស៊ីលីដា, ធនាគារការណា ឌីយ៉ា, ធនាគារវឌ្ឍនៈ, ធនាគារកម្ពុជាសាធារណៈ, ធនាគារ ANZ រ៉ូយ៉ាល់ និង ធនាគារ ABA ជាដើម។

ក្នុងឱកាសនោះលោកប្រធានសាខាពន្ធដារសាខាខេត្តព្រះសីហនុ បានឱ្យដឹងបន្ថែម ទៀតថា នៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ មន្ត្រីសាខាពន្ធដារខេត្ត សហការជាមួយ គណៈបញ្ជាការឯកភាពក្រុង ស្រុក ខេត្ត និងចុះត្រួតពិនិត្យពន្ធនៅតាមដងផ្លូវសាធារណៈក្នុង ខេត្តព្រះសីហនុ ដើម្បីត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដែលមិនបាន បង់ពន្ធផ្លូវប្រចាំឆ្នាំ២០២១ ប្រសិន បើមន្ត្រីរបស់យើងរកឃើញរថយន្តណាមិនបាន បង់ពន្ធផ្លូវប្រចាំឆ្នាំ២០២១ នឹងត្រូវធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ជាក់ជាមិនខាន៕

ប្រភព៖ ក្រសួងព័ត៌មាន