នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសដំណឹងល្អសម្រាប់កម្ពុជា ដោយភាគីចិនបានសម្រេចក្នុងការសិក្សា និងវាយតម្លៃផ្នែកហានិភ័យ ផ្នែកភូតគាមអនាម័យ លើផ្លែមៀន និងត្រីប្រារបស់កម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលជាវិធានការសំខាន់។
បើតាមលោក វ៉ាង វិនធៀន បន្ទាប់ពីការសិក្សាវាយតម្លៃនេះរលូនល្អ ផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោក វ៉ាង វិនធៀន ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ បានថ្លែងយ៉ាងដូច្នេះថា «ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនរលូនផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ»។
គួរបញ្ជាក់ថា តាមគោលការណ៍ការសិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យនេះ ត្រូវធ្វើការចុះពិនិត្យ និងសិក្សាទៅទីតាំងចំការ និងដល់ទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើអ្នកជំនាញរបស់ចិនពិបាកធ្វើដំណើរ ទើបភាគីចិន ឯកភាពក្នុងការវាយតម្លៃតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ៕



អត្ថបទ៖ លីនី


