យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ ដោយកិច្ចព្រមព្រៀងខាងលើនេះបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២០។
យោងតាមការរៀបចំកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង ៩០%។ ការសន្យាបើកទីផ្សារសេវាកម្មនិងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុត ដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។
សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុន និងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ៕


អត្ថបទ៖ លីនី


