រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៧ លានដូស ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News។
ការផ្តល់វ៉ាក់សាំងនេះដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាបាននូវសិទ្ធិទទួលបានដោយយុត្តិធម៌ចំពោះការចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ ទីក្រុងតូក្យូនឹងផ្តល់វ៉ាក់សាំង កូវីដ-១៩ ដែលផលិតដោយ AstraZeneca Plc នៅក្នុងប្រទេសជប៉ុន ទៅដល់ប្រទេស បង់ក្លាដែស កម្ពុជា ឡាវ តុងហ្គា វ៉ានូអាទូ នីការ៉ាហ្គា អេហ្ស៊ីប ស៊ីរី និងយេម៉ែន ក្រោមកម្មវិធី COVAX Facility ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
គួរបញ្ជាក់ផងដែរថា ជប៉ុនបានបរិច្ចាគវ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ប្រមាណ៣០លានដូសរួចទៅហើយដល់ប្រទេសជាច្រើនទៀត។ ហើយ ប្រទេសជប៉ុន នឹងបន្តផ្តល់វ៉ាក់សាំងបន្ថែមទៀត ដោយគិតគូរពីស្ថានភាពដូចជា ការផលិតក្នុងស្រុក ភាពអាចរកបាននៃវ៉ាក់សាំង… និងតម្រូវការវ៉ាក់សាំងនៅក្នុងប្រទេស និងតំបន់នីមួយៗ៕


អត្ថបទ៖ លីនី
ប្រភព៖ kyodonews


