យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក Kawaguchi Maski ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាបដែលទើបមក ថ្មីបានថ្លែងថា ការដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកឱ្យភ្ញៀវទេសចរបរទេសចូលមក កម្សាន្តនៅក្នុងប្រទេសកម្ពុជាឡើងវិញនេះជាកត្តាមួយដ៏ល្អ ហើយលោកថាក្នុងចំណោម ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនេះក៏នឹងមានភ្ញៀវ ទេសចរជនជាតិជប៉ុនមកផងដែរ។
លោក Kawaguchi Maski បន្តថា នេះជាលើកទី៤ហើយ ដែលលោកបានមកបំពេញ បេសកកម្មនៅប្រទេសកម្ពុជា។ លោកក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរខេត្តសៀម រាបដើម្បីធ្វើឱ្យចំណងមិត្តភាពប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពល្អប្រសើរ។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កន្លងមកនេះ រាជរដ្ឋាភិបាលជប៉ុន តែងតែបានផ្តល់ជំនួយមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ទៅលើវិស័យ ជាច្រើន។ ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងអំណរគុណ លោក MITORI Naoki ប្រធាន ការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប ដែលត្រូវផុតអាណត្តិ ដែលកន្លងមក លោក និងសហការី តែងតែសហការ និងជួយជ្រោមជ្រែងលើកិច្ចសហការប្រតិបត្តិការ ជាពិសេស គម្រោងអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏សូមស្វាគមន៍ លោក KAWAGUCHI Maski ប្រធានការិយាល័យកុងស៊ុលជប៉ុន ខេត្តសៀមរាប ដែលត្រូវទទួលតួនាទីបន្តក្នុងការរិត ចំណងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា-ជប៉ុន ដោយជំរុញការផ្សព្វផ្សាយ វិស័យទេសចរណ៍ និងវិស័យផ្សេងទៀត ស្របពេលដែលខេត្តសៀមរាប នឹងត្រូវបើកខេត្ត ឡើងវិញនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕


ប្រភព៖ ក្រសួងព័ត៌មាន


