យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងបើកច្រកព្រំដែនឡើងវិញនៅភាគខាងត្បូងនៃប្រទេស ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ចំពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃថយចុះ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) គ្រោងនឹងបើកច្រក Sadao នៅ Songkhla, ច្រក Sungai Kolok ក្នុងខេត្ត Narathiwat, ច្រក Betong នៅ Yala និងប៉ុស្តិ៍ Wang Prachan របស់ Satun ត្រឹមថ្ងៃទី១៦ ខែធ្នូ ក្នុងគោលបំណងកែលម្អវិស័យទេសចរណ៍នៅភាគខាងត្បូង។
អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បាននិយាយនៅថ្ងៃទី១៣ ខែវិច្ឆិកាថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្ត Songkhla, Pattani, Yala និង Narathiwat ត្រូវបានពន្លឿន ក្នុងគោលបំណងគឺដើម្បីចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ដូសដក់ប្រជាជនជាង ៦០% នៃចំនួនប្រជាជន។
គួរឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រទេសថៃបានបើកច្រកព្រំដែនចំនួន ៤៦ហើយ ខណៈនៅសល់ ៥១ទៀតនៅតែនៅបិទដដែលដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះ រយៈពេលពីរសប្តាហ៍បន្ទាប់ពីប្រទេសបើកដំណើរការឡើងវិញ វិស័យឯកជនកំពុងមើលឃើញសញ្ញានៃការងើបឡើងវិញនៃវិស័យទេសចរណ៍ បើទោះបីជាការមកដល់នៃភ្ញៀវទេសចរអន្តរជាតិទាបជាងការរំពឹងទុកក៏ដោយ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


