យោងតាមការបង្ហោះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង មានគម្រោងផ្ដល់ជំនួយជួយដល់វិស័យកសិកម្មនៅកម្ពុជា។ គម្រោងផ្ដល់ជំនួយត្រូវបានលើកឡើងដោយភាគីជប៉ុននៅក្នុងជំនួប ពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ហើយនិងសហការី។
បើតាមការបង្ហោះរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ជំនួបពិភាក្សានេះ រៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើការសិក្សារៀបចំគម្រោងផ្តល់ជំនួយលើការពង្រឹងសមត្ថភាព សុវត្ថិភាពសាច់សត្វ សុខភាពសត្វ និងផលិតកម្មសត្វ ហើយនិងកសាងមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ ផលិតផលបសុសត្វនៅកម្ពុជា។
ក្នុងជំនួបនោះផងដែរ លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services បានឱ្យដឹងថា សាធារណរដ្ឋកូរ៉េគ្រោងនឹងផ្តល់ជំនួយមកប្រទេសកម្ពុជាតាមរយៈគម្រោងសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថនៅក្នុងផលិតផលសត្វ និងសត្វ ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញផលិតផលសត្វនាពេលអនាគត។
លោកបានបន្ថែមថា ជំនួយនេះ តាមការប៉ាន់ស្មានថវិកាជាបឋម គឺត្រូវការថវិកាចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) ដុល្លារអាមេរិក ដោយផ្តោតទៅលើលើការងារធំៗចំនួន៣៖
១) ពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ
២) ពង្រឹងសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងអនាម័យនិងភូតគាមអនាម័យ ហើយនិងបទដ្ឋានគិតិយុត្តក្រោមច្បាប់
៣) ការកសាងវិទ្យាស្ថានជាតិបសុសត្វ នៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យក្រុមការងារបេសកកម្មកូរ៉េជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកដែលអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វនៅកម្ពុជានាពេលខាងមុខ។ ជាកិច្ចឆ្លើយតប តំណាងក្រុមបេសកកម្មកូរ៉េបានយល់ព្រមទទួលយកសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយបានសន្យាថា នឹងធ្វើការសិក្សារួមបញ្ជូលទៅក្នុងគម្រោង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វរបស់កម្ពុជានាពេលអនាគត់៕






អត្ថបទ៖ លីនី


