រដ្ឋាភិបាលថៃ គ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពលករមកពីប្រទេសជិតខាង
សេដ្ឋកិច្ច November 10, 2021 Khmernote

យោងតាមមន្ត្រីរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពលករមកពីប្រទេសជិតខាងរួមមាន៖ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះកម្លាំងពលកម្មដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ និងទេសចរណ៍។

លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា វិធានទាក់ទងនឹងស្ថានភាពចាក់ថ្នាំបង្ការដល់ពលករចំណាកស្រុក នីតិវិធីធ្វើចត្តាឡីស័ក និងការធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងត្រូវសម្រេចនៅថ្ងៃពុធ នេះ។ គួរឱ្យដឹងថា ឧស្សាហកម្មនាំចេញដ៏ធំរបស់ប្រទេសដូចជា ម្ហូបអាហារ និងផលិតកម្មកៅស៊ូ ពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មចំណាកស្រុក ប៉ុន្តែការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើចំណាកស្រុកស្ទើរតែទាំងអស់។

ជាមួយគ្នានេះដែរ លោក Pairote បានប៉ាន់ប្រមាណថា ប្រទេសនេះត្រូវការកម្មករបរទេសចំនួន ៤២០,០០០នាក់ នៅពេលនេះ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិតកម្ម និងអាហារសមុទ្រ។ លោកបានបន្ថែមថា កម្មករជាច្រើនបានចាកចេញពីប្រទេសនេះ ខណៈពេលដែលប្រទេសថៃបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតរបស់ខ្លួនកាលពីដើមឆ្នាំនេះ ហើយមិនបានត្រឡប់មកវិញទេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost