ចាប់តាំងពីថ្ងៃបើកប្រទេសដំបូង មកទល់ពេលនេះ ភ្ញៀវទេសចរបរទេសជាង ២ម៉ឺននាក់បានមកប្រទេសថៃ ខណៈ ១៥នាក់រកឃើញវិជ្ជមានកូវីដ-១៩
ទេសចរណ៍ November 8, 2021 Khmernote

យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចាប់តាំងពីប្រទេសថៃបានបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ភ្ញៀវទេសចរសរុបចំនួន ២០,០៩២ នាក់បានចូលមកប្រទេសថៃ។

នៅក្នុងចំណោមភ្ញៀវដែលចូលមក រហូតមកដល់ពេលនេះ មានភ្ញៀវបរទេសចំនួន ១៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺ កូវីដ-១៩ នៅពេលមកដល់ ឬស្មើ ០.០៧% នៃភ្ញៀវទាំងអស់។ ជាមួយគ្នានេះ ភ្ញៀវទេសចរបរទេសភាគច្រើនបានចូលប្រទេសថៃតាមអាកាសយានដ្ឋានសុវណ្ណភូមិចំនួន ១២,៩៧៨នាក់ (៥នាក់បានធ្វើតេស្តវិជ្ជមាន) បន្ទាប់មកអាកាសយានដ្ឋានភូកេតមានចំនួន ៦,៧២២នាក់ (១០នាក់បានធ្វើតេស្តវិជ្ជមាន) អាកាសយានដ្ឋានសាមុយចំនួន ៣០៩នាក់ និងអាកាសយានដ្ឋានឈៀងម៉ៃ ចំនួន ៨៣នាក់។

គួររម្លឹកផងដែរថា ក្រោមផែនការបើកដំណើរការឡើងវិញ ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវអាកាសមកពីប្រទេសដែលមានហនិភ័យទាបចំនួន ៦៣ នឹងមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេ ប៉ុន្តែពួកគេត្រូវតែបង្ហាញថា ពួកគេបានចាក់វ់ាក់សាំង កូវីដ-១៩ ទាំងពីរលើក យ៉ាងហោចណាស់បាន ១៤ថ្ងៃ ក៏ដូចជាមានលទ្ធផលតេស្ត RT-PCR អវិជ្ជមានមិនលើសពី ៧២ម៉ោងមុនពេលហោះហើរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand