យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញកាលពីថ្ងៃចន្ទ ដល់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល ២០ ខែ លើការធ្វើដំណើរពីជុំវិញពិភពលោក។
ការហាមឃាត់ដែលដាក់ដោយអតីតប្រធានាធិបតី Donald Trump នៅដើមឆ្នាំ២០២០ និងបន្តរដោយអ្នកស្នងតំណែងរបស់គាត់គឺលោក Joe Biden ត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងក្លាយជានិមិត្តរូបនៃភាពចលាចលដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការរីករាលដាលនៃមេរោគនេះ ព្រំដែនសហរដ្ឋអាមេរិកត្រូវបានបិទបន្ទាប់ពីខែមីនាឆ្នាំ២០២០ សម្រាប់អ្នកធ្វើដំណើរមកពីផ្នែកជាច្រើននៃពិភពលោក រួមទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងចិន ឥណ្ឌា និងប្រេស៊ីល ក្នុងនោះភ្ញៀវទេសចរណ៍មកពីម៉ិកស៊ិក និងកាណាដាក៏ត្រូវបានហាមឃាត់ផងដែរ។
គួបញ្ជាក់ផងដែរថា អាជ្ញាធរអាមេរិកគ្រោងនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពចាក់វ៉ាក់សាំងរបស់អ្នកដំណើរ ហើយនឹងនៅតែតម្រូវឱ្យពួកគេធ្វើតេស្ដ កូវីដ-១៩ អវិជ្ជមាន។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិកចាប់ពីថ្ងៃច័ន្ទនេះតទៅ នឹងតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាស ទទួលថ្នាំបង្ការពេញលេញ និងត្រូវធ្វើតេស្តក្នុងរយៈពេលបីថ្ងៃមុនពេលធ្វើដំណើរ ខណៈការបើកព្រំដែនគោកនឹងធ្វើឡើងជាពីរដំណាក់កាល៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


