កសិករចិញ្ចឹមសត្វថៃ ស្រែករកជំនួយ ខណៈតម្លៃចំណីសត្វឡើងថៃពី ២០ ទៅ ៣០%
សេដ្ឋកិច្ច November 6, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា កសិករចិញ្ចឹមសត្វថៃ ស្រែករកជំនួយ ខណៈតម្លៃចំណីសត្វឡើងថៃ។ ពាក់ព័ន្ធនឹងបញ្ហានេះ សហព័ន្ធបសុសត្វ និងវារីវប្បកម្មបានអំពាវនាវឱ្យរដ្ឋាភិបាលជួយជាបន្ទាន់ដល់កសិករចិញ្ចឹមសត្វ និងអាជីវកម្មចំណីអាហារ ដែលកំពុងជួបការលំបាកក្រោមតម្លៃចំណីសត្វដែលកើនឡើងពី ២០ ទៅ ៣០%។

ការកើនឡើងនៃតម្លៃចំណីសត្វនេះ គឺបណ្ដាលមកពីការខ្វះខាតវត្ថុធាតុដើមក្នុងស្រុកដូចជាពោត និងសណ្ដែកសៀង ដែលដាំដុះបានមិនគ្រប់គ្រាន់ទៅនឹងតម្រូវការផលិតចំណីសត្វ ដែលនេះជាហេតុតម្រូវឱ្យមានការនាំចូល។ ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃ សហព័ន្ធបានស្នើសុំឱ្យជួយដោះស្រាយទៅលើរឿង ៤ចំណុចជាបន្ទាន់ ក្នុងនោះរួមមាន៖ លុបចោលការយកពន្ធ ២% លើសណ្តែកសៀងនាំចូល, លុបចោលពន្ធ ៩% លើកន្ទុក និងគ្រាប់ធញ្ញជាតិស្ងួតដែលបានកិនរួច, កាត់បន្ថយសមាមាត្រនៃពោតដែលប្រើក្នុងចំណីសត្វ ហើយជំនួសដោយស្រូវសាលីនាំចូល ,អនុវត្តយន្តការទីផ្សារសេរី ដើម្បីគ្រប់គ្រងតម្រូវការ និងការផ្គត់ផ្គង់វត្ថុធាតុដើមក្នុងចំណីសត្វ ដូច្នេះវាសមស្របនឹងកត្តា និងការចំណាយបច្ចុប្បន្ន។

បើតាម សហព័ន្ធបាននិយាយថា ការផ្លាស់ប្តូរទាំងនេះនឹងជួយកាត់បន្ថយការខាតបង់របស់កសិករ និងអាជីវកម្ម និងគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពនៃឧស្សាហកម្មម្ហូបអាហារ។ គួរបញ្ជាក់ផងដែរថា យោងតាមសហព័ន្ធ សមាជិករបស់ខ្លួនដែលប្រើប្រាស់ ៩០% នៃចំណីសត្វដែលផលិតក្នុងស្រុក ក៏ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការកើនឡើងតម្លៃ ២០-៣០% ចាប់តាំងពីត្រីមាសទីបីនៃឆ្នាំ ២០២០ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ១៣ឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand