ទីក្រុងបាងកក ត្រូវបានដកចេញពីចំណាត់ថ្នាក់ទីក្រុងសុវត្ថិភាពជាងគេទាំង ៥០ ពីជំងឺកូវីដ-១៩​
សេដ្ឋកិច្ច November 3, 2021 Khmernote

ទីក្រុងបាងកក ត្រូវបានដកចេញពីចំណាត់ថ្នាក់ទីក្រុងកំពូលចំនួន ៥០ ដែលមានសុវត្ថិភាពជាងគេពីជំងឺកូវីដ-១៩ នៅត្រីមាសទី២ នៃឆ្នាំ២០២១​ ដែលបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារវិភាគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Deep Knowledge Analytics (DKA) នៅក្នុងខែកញ្ញា។

ភ្នាក់ងារវិភាគ (DKA) បានឱ្យដឹងថា ទីក្រុងបាងកកបានប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួននៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ ដោយសារការរឹតបន្តឹងការធ្វើដំណើរតាមផ្លូវអាកាស និងការធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះ ទីភ្នាក់ងារវិភាគក៏បានចង្អុលបង្ហាញថា សេដ្ឋកិច្ចរបស់ទីក្រុងមាន ភាពផុយស្រួយ ទោះបីជាប្រទេសនេះត្រូវបានបើកឡើងវិញសម្រាប់អ្នកដំណើរបរទេសក៏ដោយ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ទីក្រុងចំនួន ៧២ រួមទាំងទីក្រុងបាងកក ត្រូវបានគេវិភាគក្នុងសូចនាករចំនួន ១១៤ នៅទូទាំង ៥ ប្រភេទនៃការឆ្លើយតបនៃជំងឺរាតត្បាតរួមមាន៖ ភាពធន់នឹងសេដ្ឋកិច្ច អភិបាលកិច្ច ការថែទាំសុខភាព កាធ្វើចត្តាឡីស័ក និងការចាក់វ៉ាក់សាំង។ក្នុងនោះ ទីក្រុង Abu Dhabi របស់ប្រទេសអារ៉ាប់រួម ត្រូវបានដាក់ឈ្មោះថា ជាទីក្រុងដែលមានសុវត្ថិភាពបំផុតនៅក្នុងត្រីមាសទី២ ឆ្នាំនេះ ជាមួយនឹងពិន្ទុ ៧៣.១៦ តាមពីក្រោយដោយសិង្ហបុរី ដែលមាន ៧១.៦៩ និងទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូងដែលមាន ៧១.៤១៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand