ប្រទេសឡាវ បន្តការរឹតបន្តឹងលើជំងឺកូវីដ-១៩ រយៈពេល ២សប្ដាហ៍ទៀត ដោយសារជំងឺនេះ បានរីករាលដាលពាសពេញប្រទេសស្ទើរតែគ្រប់ខេត្ត
សេដ្ឋកិច្ច November 1, 2021 Khmernote

រដ្ឋាភិបាលឡាវ បានបន្តវិធានការរឹតត្បិតជំងឺកូវីដ-១៩ រយៈពេល ២សប្ដាហ៍ទៀតគឺរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែបានរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់ការបើកសាលារៀនឡើងវិញនាពេលខាងមុខនេះ។ ទីស្តីការនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែតុលា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ការបន្តវិធានការគឺចាំបាច់ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពាសពេញប្រទេស ស្ទើរតែគ្រប់ខេត្ត ដោយបានឆ្លងដល់មនុស្សជាង ៥០០នាក់ក្នុងមួយថ្ងៃ ក្នុងខែតុលា កើនឡើង ២៧.៦% បើធៀបនឹងខែមុន។

យោងតាមសេចក្តីជូនដំណឹង ការដាក់កំហិត គឺចាំបាច់ដើម្បីធានាថាប្រជាពលរដ្ឋឡាវ និងជនបរទេសដែលរស់នៅក្នុងប្រទេសឡាវត្រូវបានការពារពីជំងឺកូវីដ-១៩ និងការពារការស្លាប់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ វិធានការសុខភាពសាធារណៈ រដ្ឋបាល និងសេដ្ឋកិច្ច ចាំបាច់ត្រូវមានតុល្យភាពដោយសារប្រជាជនត្រូវតែចាប់ផ្តើមរស់នៅស្របតាមជីវិត “ធម្មតាបែបថ្មី”។

ជាក់ស្ដែង ការចាក់វ៉ាក់សាំង និងការធ្វើតេស្ត ការធ្វើចត្តាឡិស័ក និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យត្រូវបន្ត ខណៈពេលដែលព្រំដែន និងប៉ុស្តិ៍ត្រួតពិនិត្យនឹងនៅតែបិទ។ ចំពោះទិដ្ឋាការទេសចរណ៍ នឹងមិនត្រូវបានចេញឱ្យជនបរទេសឡើយ ប៉ុន្តែបុគ្គលិកការទូត បុគ្គលិកនៃអង្គការអន្តរជាតិ អ្នកជំនាញ និងអ្នកវិនិយោគដែលមានតម្រូវការបន្ទាន់ក្នុងការចូលប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែត្រូវអនុវត្តតាមវិធានការបង្ការជំងឺកូវីដ-១៩ ទាំងអស់ដែលចេញដោយរដ្ឋាភិបាល។

គួរបញ្ជាក់ផងដែរថា ប្រទេសឡាវបានរាយការណ៍ពីករណីឆ្លង កូវីដ-១៩ថ្មី ចំនួន ៦៨៥ករណី និងមានអ្នកស្លាប់ចំនួន ៣នាក់ នៅថ្ងៃទី ៣១ ខែតុលា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ៤០,២៧១នាក់ និងចំនួនអ្នកស្លាប់ដល់ ៦៥នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus