រយៈពេល ១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក
សេដ្ឋកិច្ច November 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ដែលនាំចេញទៅកាន់គោលដៅទីផ្សារចំនួន ៦៨ ប្រទេស។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញ កសិផល ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១,៥៧១,០៩៨ ដុល្លារអាមេរិក ដែលក្នុងនោះ ៖ ការនាំចេញអង្ករមានចំនួន ៣៩២,៩៨៤,៣២៦ ដុល្លារអាមេរិក , ការនាំចេញស្រូវមានចំនួន ៤៦៥,៤៩៨,២៥០ ដុល្លារអាមេរិក , ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៨៣៣,៧០០,៦១៣ ដុល្លារអាមេរិក, ការនាំចេញកៅស៊ូធម្មជាតិ មានចំនួន ៣៧៩,៣៨៧,៩០៩ ដុល្លារអាមេរិក (ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១)។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៦,៣៦៤,៦០៧ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២,៩៧០,៦៩១ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៣,៣៩៣,៩១៥តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចជា ៖ ការនាំចេញអង្ករមានចំនួន ៤៦០,១៦៩ តោន មានការថយចុះចំនួន ៧៦,១៣៦ តោន (-១៤,២០%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០ ដែលមានចំនួន ៥៣៦,៣០៥ តោន ។អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣២៧,០៣២ តោន ស្មើនឹង ៧១,០៧% អង្ករសគ្រប់ប្រភេទមានចំនួន ១២៤,៧១៤ តោន ស្មើនឹង ២៧,១០% និងអង្ករចំហុយមានចំនួន ៨ ,៤២៣ តោន ស្មើនឹង ១,៨៣% ។

ឯកឧត្តមបន្តថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១១៥, ៤៧៦តោន (ថយចុះចំនួន ៥៨៩១៥តោន ស្មើនឹង -៣៣,៧៨%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២២៩,១៧៧តោន (កើនឡើងចំនួន ៣៤,៧២៦តោន ស្មើនឹង ១៧,៨៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤៣,៧៩០តោន(ថយចុះចំនួន ២៨ ០៩២តោន ស្មើនឹង -៣៩,០៨%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៧១,៧២៦តោន (ថយចុះចំនួន ២៣ ៨៥៥តោន ស្មើនឹង -២៤,៩៦%) ។ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៦០ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៣៨,៥៩៤តោន (៧៣,៥៨%) និងក្រុមហ៊ុន៥០ដទៃទៀតបាននាំចេញត្រឹមតែ ១២១ ៥៧៥តោន (២៦,៤២%) ។

ឯកឧត្តមបានបន្ថែមថា ការនាំចេញស្រូវមានចំនួន ២,៦៥៩,៩៩០តោន ក្នុងរយៈពេល១០ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម ដែលមានការកើនឡើងចំនួន ១,២៣២,៧៦៤ តោន (៨៦,៣៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៤២៧ ២២៦តោន ។

ម្យ៉ាងទៀត ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤,២២១,១៥៣ តោន កើនឡើងចំនួន ១ ៣៦៣ ៥៤២ តោន ស្មើនឹង ៤៧,៧២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២,៨៥៧,៦១០ តោន ដែលក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១,៣៣៦,២៥៣ តោន កើនឡើងចំនួន ១០,១០% ។ ដំឡូងមីស្រស់មានចំនួន ៧៤៣,៧២០ តោន កើនឡើងចំនួន ១៧,៥៤% ។ ម៉្សៅដំឡូងមីមានចំនួន ២៦,៩៧១.៧៤ តោន កើនឡើងចំនួន ២៤,២៥% ។ កាកសំណល់ដំឡូងមីមានចំនួន ៧,២៩៦ តោន ថយចុះចំនួន -៣៥,០៨%។ គ្រាប់ស្វាយចន្ទីមានចំនួន ៩១៤,៧៩៥.៧២ តោន កើនឡើងចំនួន ៣៤៣,១៧% ។ គ្រាប់ពោតមានចំនួន ១៥៧,១៣៤.៣៦ តោនថយចុះចំនួន -១៩,០៨% ។ គ្រាប់សណ្តែកបាយមានចំនួន ២៥,៣៥២.៣៥ តោន កើនឡើងចំនួន ៤១៩,៥៥% ។ គ្រាប់សណ្តែកសៀងមានចំនួន ៥២,២១០.០៤ តោន កើនឡើងចំនួន ៤៣៧,៤២% ។ ផ្លែចេកស្រស់មានចំនួន ៣៦៩,៤៣១ តោន កើនឡើងចំនួន ៣៦,៧៧% ។ ផ្លែក្រូចថ្លុងមានចំនួន ៣៤,៩១៨ តោន កើនឡើងចំនួន ១១៩,៦១% ។ ផ្លែស្វាយស្រស់មានចំនួន ២០២,១៤១ តោន កើនឡើងចំនួន ១៥៧,៨៣% ។ ដំណាប់ស្វាយមានចំនួន ១៥,៦៥១ តោន កើនឡើងចំនួន ១៩៥,៤១% ។ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤,៤០០ តោន កើនឡើងចំនួន ៤១,០៤% ។ ដូងប្រេងមានចំនួន ៤៨,៧៧៦ តោន ថយចុះចំនួន -០,៤៨% ។ ម្រេចមានចំនួន ២៧,៦៣៣ តោន កើនឡើងចំនួន ៤៥៧,៤៧% ។ ថ្នាំជក់មានចំនួន ៣, ៩៣៤.០៥ តោន ថយចុះចំនួន -២៨,៧៥% ។បន្លែចម្រុះមានចំនួន ៨៤,៤០ តោន ថយចុះចំនួន -១០,០២% ។ ម្ទេសស្រស់មានចំនួន ៨២, ៩៦៧.១២ តោន កើនឡើងចំនួន ៤៣,១១% ។ ម្ទេសក្រៀមមានចំនួន ១,៧៤០.២៣ តោន ថយចុះចំនួន ៣,៣២% ។ ផលិតផលចំនួន ៨៤មុខ ផ្សេងទៀតមានចំនួន ១៦៥,៧៤០ តោន។

ឯកឧត្តមបានបន្ថែមថា ការនាំចេញកសិផលសរុបក្នុងរយៈពេល១០ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,៥៣% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៦,៦២% រីឯការនាំចេញអង្ករមានការថយចុះចំនួន ១៤,២០% ដោយសារ តម្លៃនៃការដឹកជញ្ជូន ទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានិងកង្វះទូរកុងតឺន័រ ទំហំ ២០ហ្វីត សម្រាប់ផ្ទុកអង្ករនាំចេញ ដោយបច្ចុប្បន្ន សម្បូរទៅដោយទូរកុងតឺន័រដែលមានទំហំ ៤០ហ្វីត ដែលមិនអាចប្រើប្រាស់បានឱ្យស្របតាមបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូន ព្រោះផ្ទុក ទៅនឹងលើសទម្ងន់កំណត់ ៕

ប្រភព៖ ក្រសួងព័ត៌មាន