ប្រជាជនវៀតណាម សុខចិត្តទទួលយកដោយរីករាយនូវភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ តែជឿជាក់យ៉ាងពេញទំហឹងថា សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងវិលត្រលប់មករកសភាពដើមវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា អត្រាការចាក់វ៉ាក់សាំងខ្ពស់ នៅក្នុងទីក្រុងធំៗចំនួន ២ របស់វៀតណាម កំពុងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនវិលទៅរកចង្វាក់ប្រចាំថ្ងៃរបស់ពួកគេវិញ ខណៈប្រទេសជិតខាងខ្លួនបើកប្រទេសទទួលអ្នកដំណើរបរទេសវិញ។
បើតាមប្រភពពីសារព័ត៌មានដដែល អត្រាការចាក់វ៉ាក់សាំងខ្ពស់ មានន័យថាប្រជាជននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញកំពុងវិលទៅរកជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដូចកាលពីមុនវិញ។ ជាក់ស្ដែង ប្រជាជន អាចត្រលប់ទៅធ្វើការ ហាត់ប្រាណ ជួបជុំគ្រួសារ បងប្អូន ដើរទិញទំនិញបានដោយមិនមានការរឹតបន្តឹង ស្របពេលដែលអាជីវកម្មជាច្រើនប្រភេទបានអនុញ្ញាតឱ្យបើកឡើងវិញ និងខ្លះទៀតដកវិធានការរឹតត្បិតសម្រាប់់អតិថិជនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
តាមសម្ដីរបស់ប្រជាជនដែលបានធ្វើបទសម្ភាសន៍បានឱ្យដឹងថា ពួកគេពេញចិត្ត និងសប្បាយរីករាយ ខណៈពួកគេមានសេរីភាពក្នុងការដើរហើរ និងទីក្រុងត្រលប់មកសភាពអ៊ូរអរឡើងវិញ។ ជាពិសេសទៅទៀតនោះ ពួកគេជឿជាក់ និងមានអារម្មណ៍ថា មានសុវត្ថិភាពខ្លាំងដោយសារតែការចាក់វ៉ាក់សាំងពេញលេញ។
គួរឱ្យដឹងផងដែរថា គិតចាប់ពីពាក់កណ្ដាលខែតុលា នេះ ទីក្រុងៗធំចំនួន ២របស់វៀតណាម ហាក់ធូរស្បើយពីការរាតត្បាតដោយជំងឺកូវីដ-១៩ ខណៈអាជ្ញាធរក្នុងទីក្រុង បានដកការរឹតបន្តឹងមួយចំនួន និងអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកឡើងវិញជាបន្តបន្ទាប់ បើទោះបីជាប្រទេសវៀតណាមមិនទាន់ប្រកាសបើកប្រទេសពេញលេញដើម្បីទទួលអ្នកដំណើរបរទេសក៏ដោយ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


