មន្ត្រីជាន់ខ្ពស់សមាគមសណ្ឋាគារថៃបាននិយាយកាលពីថ្ងៃពុធថា ការអញ្ជើញតារាស្រី K-pop គឺ Lalisa “Lisa” Manoban ដែលជាសមាជិកក្រុម Blackpink មកកាន់ការព្រឹត្តិការណ៍ឆ្លងឆ្នាំនៅភូកេត គឺជាការវិនិយោគដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។
មន្រ្តីជាន់ខ្ពស់រូបនេះបានឱ្យដឹងបន្ថែមទៀតថា ការចំណាយពី ២០០-៣០០ លានបាត (ប្រហែល ៦ ទៅ ៩លានដុល្លារ) ដើម្បីជួល Lisa គឺសមនឹងការវិនិយោគព្រោះវានឹងទាក់ទាញភ្ញៀវទេសចរថៃ និងអន្តរជាតិរាប់ពាន់នាក់ ដែលម្នាក់ៗនឹងចំណាយយ៉ាងហោចណាស់ ២០,០០០-៣០,០០០ បាត (ប្រហែល ៦០០ ទៅ ៩០០ ដុល្លារ) នៅភូកេត និងជំរុញសេដ្ឋកិច្ច។
ជាមួយគ្នានោះដែរ សណ្ឋាគារប្រហែល ១,២០០០ នៅភូកេតបាននិយាយថា ពួកគេមានបន្ទប់រហូតដល់ ៧០,០០០ រួចរាល់សម្រាប់ភ្ញៀវនៅពេលដែលផែនការបើកដំណើរការទេសចរណ៍របស់រដ្ឋាភិបាលឡើងវិញនៅថ្ងៃចន្ទ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កាលពីមុនពេលដែលមានជំងឺរាតត្បាត មានភ្ញៀវទេសចរណ៍ប្រហែល ៤០,០០០នាក់ ដែលបានទៅលេងកោះភូកេតជារៀងរាល់ថ្ងៃ តែបច្ចុប្បន្នមានតែភ្ញៀវភ្ញៀវទេសចរបរទេសចំនួន ៧០០នាក់ប៉ុណ្ណោះ ក្រោមគម្រោង “sandbox”៕



អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


