យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ អះអាងថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស នឹងអនុវត្តក្រោយគម្រោងសាកល្បងទៅលើខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុងនៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈខេត្តសៀមរាប ត្រៀមអនុវត្តនៅក្នុងខែមករា ឆ្នាំ២០២២។
ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង” ថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា ការចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញ នៅក្នុងខេត្តទាំង៣នេះ គឺជាជំហានទី១ មុនឈានទៅ ជំហានទី២ ទៅរកការបើកទទួលទេសចរអន្តរជាតិ មកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត និងការបើកទទួលទេសចរណ៍ វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស ក្នុងជំហានទី៣។
សូមបញ្ជាក់ថា ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺនៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវ ទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។ ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន ហើយករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តន៍ តាមនីតិវិធីប្រតិបត្តិស្តង់ដារ និងវិធានសុវត្ថិភាពទេសចរណ៏ជាមុន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើ “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺក្ខវឹង-១៩” តាមរយៈការរៀបចំផែនការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុកសុវត្ថិភាព និងដាក់ចេញនូវយន្តការ ទ្រទ្រង់នានា សំដៅធានាបាននូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍នៅតាមរាជធានីខេត្ត ក៏ដូចជាបន្តខិតខំរៀបចំ និងអភិវឌ្ឍផលិតផលទេសចរណ៍នៅតាមតំបន់ប៉ូលទេសចរណ៍សំខាន់ៗ និងជំរុញការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ថ្មីៗ ដែលមានភាពទាក់ទាញសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងទេសចរបរទេស៕



ប្រភព៖ ក្រសួងព័ត៌មាន


