តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាម កើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៧ឆ្នាំ ដោយសារការកើនឡើងតម្លៃប្រេងជាសកល
សេដ្ឋកិច្ច October 28, 2021 Khmernote

តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងអត្រានៅលើពិភពលោកក៏កើនឡើង។ ជាមួយគ្នានេះដែរ ការកើនឡើងនៃតម្លៃប្រេង គឺចំពេលដែលតម្រូវការប្រេងកើនឡើងក្នុងប្រទេស និងនៅក្នុងសេដ្ឋកិច្ចដែលកំពុងបើកដំណើរការឡើងវិញ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈកើនឡើងពី ៤០.២៣% ទៅ ៥២.៥៩% នៅឆ្នាំនេះ ជាមួយនឹងការកើនឡើងចុងក្រោយកាលពីថ្ងៃអង្គារ ដែលនាំឱ្យប្រេងឥន្ធនៈឡើងដល់ ២៤,៣៣០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រ ដែលខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយរួមគ្នាថា ចាប់តាំងពីខែមុនមក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួនបួនដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះ នៅតែទាបជាងអត្រាពិភពលោក ដោយសារមូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ គួរឱ្យដឹងផងដែរថា វៀតណាម​បាន​នាំ​ចូល​ឥន្ធនៈ​តម្លៃ ២.៩៣ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៩ ខែ​ដំបូង កើនឡើង ១៥.៣% ធៀប​នឹង​ឆ្នាំ​មុន នេះ​បើ​តាម​គយ​វៀតណាម៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress