រដ្ឋមន្រ្តីក្រសួងសាធារណការ ស្នើឱ្យអង្គភាពណាដែលសាងសង់ផ្លូវ ក្នុងគម្រោង៣៨ខ្សែនៅក្រុងសៀមរាប មិនទាន់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ
សេដ្ឋកិច្ច October 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួននៅ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានជួបប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអាជ្ញាធរខេត្ត អង្គភាព សាងសង់ សំដៅស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់ អនុសាសន៍នានា ដើម្បីធានាឱ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឱ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។

ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណី ការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាម បទដ្ឋានបច្ចេកទេសឡើងវិញ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧ភាគរយ នៃទំហំការងារសរុប (២ភាគរយ លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុងខែធ្នូ ឆ្នាំ ២០២១ខាង មុខនេះ។

គួរកត់សម្គាល់ផងដែរថា បញ្ហាប្រឈមនៅរដូវធ្លាក់ភ្លៀង និងវិបត្តិនៃជំងឺកូវីដ-១៩ក្នុងអំឡុងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប មិនបានធ្វើឱ្យប៉ះពាល់ ដល់ដំណើរការអង្គភាពសាងសង់ឡើយ ដោយហេតុថាគ្រប់អង្គភាពទាំងអស់បានខិតខំប្រឹង ប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ដើម្បីជំរុញការងារស្ថាបនាឱ្យសម្រេចតាមផែនការ ដែលបានគ្រោងទុក៕

ប្រភព៖ ក្រសួងព័ត៌មាន