អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Ounthuang Khaophan បានបញ្ជាក់កាលនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះថា ភ្ញៀវទេសចរមកពីប្រទេសជិតខាង ជាពិសេសវៀតណាម ចិន និងប្រទេសអាស៊ាន នឹងត្រូវបានពិចារណាសម្រាប់ការចូលប្រទេសឡាវមុនគេ។
លោក Ounthuang បាននិយាយថា អទិភាពបច្ចុប្បន្នរបស់ប្រទេសឡាវ គឺការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៥០% នៃប្រជាជនរបស់ខ្លួនប្រឆាំងនឹងជំងឹ កូវីដ-១៩ នៅចុងឆ្នាំនេះ។ យ៉ាងណាមិញគិតត្រឹមថ្ងៃទី២៣ ខែតុលា មានតែ ៤៣.៥៥% នៃប្រជាជនឡាវប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយ ៣៧.២៤% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។
អនុរដ្ឋមន្ត្រីរូបនេះបានបន្តថា ដូច្នេះប្រទេសនេះមិនទាន់កំណត់កាលបរិច្ឆេទ ដើម្បីស្វាគមន៍ការវិលត្រឡប់មកវិញនៃអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងនោះទេ។ ជាមួយគ្នានេះបន្ទាប់ពីជាង ៥០% នៃចំនួនប្រជាជនត្រូវបានចាក់ថ្នាំបង្ការយ៉ាងពេញលេញ ហើយស្ថានភាពជំងឺរាតត្បាតកាន់តែល្អប្រសើរ ឡាវអាចនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកទេសចរដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម ចិន និងប្រទេសអាស៊ាន ដែលនឹងទទួលបានអទិភាពមុនគេ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


