ទីបំផុត! កម្ពុជាចាប់ផ្តើមបើកទទួលភ្ញៀវទេសចរអន្តរជាតិហើយនៅដំណាច់ខែនេះ ខណៈក្រុងព្រះសីហនុ និងកោះកុងបើកមុន ខេត្តសៀមរាបបើកនៅឆ្នាំក្រោយ
ទេសចរណ៍ October 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយការចាប់ផ្តើម ដំបូងនៅក្រុងព្រះសឹហនុ ក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង ខណៈខេត្តសៀមរាប ត្រៀមទទួលការទៅដល់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែមករា ឆ្នាំ២០២២។

បើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺនៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវ ទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។

ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ប៉ុណ្ណោះ នៅពេលមកដល់អាកាសយានដ្ឋាន ហើយករណីទទួលបានលទ្ធផលអវិជ្ជមាន ភ្ញៀវទេសចរអាចដើរកម្សាន្តដោយសេរី នៅក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដោយមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់សុទ្ធតែត្រូវបានត្រួតពិនិត្យការអនុវត្តន៍ តាម នីតិវិធីប្រតិបត្តិស្តង់ដារ និងវិធានសុវត្ថិភាពទេសចរណ៏ជាមុន។

ឯកឧត្តមបន្ថែមថា ភ្ញៀវទេសចរអន្តរជាតិដែលមកតាមកម្មវិធីទេសចរណ៍វ៉ាក់សាំង អាចស្នើសុំប្រភេទទិដ្ឋាការទេសចរណ៍ប្រភេទ T នៅតាមស្ថានទូត ឬស្ថានកុងស៊ុលនៃកម្ពុជាប្រចាំនៅបរទេស ឬអាចស្នើសុំទិដ្ឋាការអេឡិចត្រូនិក (E-Visa) ហើយត្រូវមកតាមកញ្ចប់ ទស្សនកិច្ចទេសចរណ៍ចាក់វ៉ាក់សាំងក្ខវឹង-១៩ ឬជាទេសចរមកជាលក្ខណៈគ្រួសារ ឬក្រុមតូចៗ ជាទេសចរកម្រិតខ្ពស់ ដែលបានចាក់ វ៉ាក់សាំង គ្រប់ដួស។ បន្ទាប់ពីមកដល់កម្ពុជា ភ្ញៀវទេសចរត្រូវអនុវត្តតាមលក្ខខណ្ឌនៃកម្មវិធីបើកទទួលទេសចរណ៍វ៉ាក់សាំង ដោយត្រូវស្នើ សុំលិខិតអនុញ្ញាតចូលកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនីតិវិធីនៃការស្នើសុំទិដ្ឋាការដែលមានស្រាប់ ក្នុងនោះតម្រូវឱ្យមាន៖ វិញ្ញាបនបត្រ បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ដូស, កន្លែងស្នាក់នៅដែលបានកក់ទុក និងបង់ប្រាក់នៅក្នុងតំបន់ទេសចរណ៍សុវត្ថិភាព, លិខិតធានារ៉ាប់រងសុខភាព សម្រាប់ការធ្វើដំណើរមកកម្ពុជា រួមបញ្ចូលទាំងការធានារ៉ាប់រងសម្រាប់ការព្យាបាលជំងឺកូវីដ-១៩ ជាយថាហេតុ, និងសំណងលើការលុបចោលការកក់សេវាកម្មទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាជាយថាហេតុ, សំបុត្រយន្តហោះ,វិញ្ញាបនបត្របញ្ជាក់ ថា គ្មានជំងឺកូវីដ-១៩ ចេញក្នុងរយៈពេល៧២ ម៉ោង នៃជើងហោះហើរ, ព័ត៌មានអំពីប្រវត្តិធ្វើដំណើរ១៤ថ្ងៃ មុនពេលចេញមកកម្ពុជា។ ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិ ត្រូវធ្វើតេស្ត PCR នៅមុនមួយថ្ងៃនៃការចាកចេញពីតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព ដើម្បី បញ្ជាក់លទ្ធផលអវិជ្ជមាន មុននឹងអនុញ្ញាតឱ្យចេញទៅតំបន់ផ្សេងទៀត ឬចាកចេញពីកម្ពុជា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើ “ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺក្ខវឹង-១៩” តាមរយៈការរៀបចំផែនការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុកសុវត្ថិភាព និងដាក់ចេញនូវ យន្តការទ្រទ្រង់នានា សំដៅធានាបាននូវសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មទេសចរណ៍នៅតាមរាជធានីខេត្ត ក៏ដូចជាបន្តខិតខំ រៀបចំ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅតាមតំបន់ប៉ូលទេសចរណ៍សំខាន់ៗ និងជំរុញការបង្កើតផលិតផល និងសេវាកម្មទេសចរណ៍ ថ្មីៗដែលមានភាពទាក់ទាញសម្រាប់ទេសចរណ៍ផ្ទៃក្នុង និងទេសចរបរទេស៕

ប្រភព៖ ប្រភព៖ ក្រសួងព័ត៌មាន