ដំណឹងរីករាយ! ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដាំដើមដំបងយក្សនៅកម្ពុជា ផលិតជាចំណីអាហារ​ និងទឹកផ្លែឈេី ដែលមានទីផ្សារស្រាប់
សេដ្ឋកិច្ច October 26, 2021 Khmernote

យោងតាមការបង្ហោះនៅលើគណនី​របស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាពបោសសម្អាតគ្រាប់មីន​កម្ពុជា (CMAC) បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំ គឺដាំដំបងយក្សនៅកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងការប្រជុំ zoom រវាងលោកជាមួយដៃគូជប៉ុន ជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា​។

នៅលើការបង្ហោះ លោក ហេង រតនា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ដែលបោសសំអាតគ្រាប់មីនរួច។ ហើយក្នុងនោះក៏មានក្រុមហ៊ុន ចង់យកដំណាំដំបងយក្សចង់មកដាំដុះដែរ​!។ ជាមួយគ្នានេះ លោកបានបន្តថា ក្រុមហ៊ុនជប៉ុនមានពូជដំណាំដំបងយក្សនេះ​ ជាពិសេសពូជសំរាប់ផលិតជាចំណីអាហារ​ និងទឹកផ្លែឈេីដែលមានទីផ្សារធំទូលាយរួចហេីយ! សំខាន់សាកល្បង និងសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់! ។ ជាមួយនេះក៏ក្រុមហ៊ុនដំណាំស្វាយចន្ទី​ និងក្រុមវិនិយោគជប៉ុនខ្លះមានចេតនាចូលរួមកសាងសេដ្ឋកិច្ច​ជាមួយប្រជាពលរដ្ឋខ្មែរដែលមានដីក្រោយបោសសំអាតមីនរួច។

គួរបញ្ជាក់ផងដែរថា បើតាមអគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាពបោសសម្អាតគ្រាប់មីន​កម្ពុជា (CMAC) ក្រុមហ៊ុនជប៉ុន ចាប់ចិត្តចង់វិនិយោគលើដំណាំដំបងយក្ស ក្រោយឃេីញតាមបងប្អូនខ្មែរមួយចំនួន​ នៅលើ Facebook​ នាំកញនាហូបដេីមដំបងយក្ស​កាលពីពេលថ្មីៗកន្លងទៅនេះ៕

អត្ថបទ៖ លីនី