ឡាវ កំពុងត្រូវប៉ាន់ខ្លាំងក្នុងការនាំចេញគោ ក្របី ទៅចិន និងវៀតណាម ហើយឆ្នាំនេះអាចរកចំណូលបានជាង ២០០លានដុល្លារ
សេដ្ឋកិច្ច October 26, 2021 Khmernote

ការនាំចេញគោ និងក្របី របស់ឡាវនៅក្នុងឆ្នាំនេះ អាចលើសពី ២០០លានដុល្លារ បើទោះបីជាការជួញដូរជួបប្រទះនឹងការលំបាក ដោយសារជំងឺរាតត្បាតក៏ដោយ នេះបើយោងតាមការសែត Vientiane Times។ បើតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបង្ហាញថា ប្រទេសនេះរកចំណូលបានជិត ១៨០ លានដុល្លារក្នុងការនាំចេញគោ និងក្របី ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២១។

ការសែត Vientiane Times បានឱ្យដឹងទៀតថា រដ្ឋាភិបាលឡាវកំពុងអំពាវនាវឱ្យកសិករទូទាំងប្រទេសលើកកម្ពស់ផលិតកម្មបសុសត្វសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន ក្នុងការប្រមើលមើលប្រតិបត្តិការនាពេលខាងមុខនៃផ្លូវដែកឡាវ-ចិន ដែលត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការដឹកជញ្ជូន។

ហើយថ្មីៗនេះ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបាននិយាយថា រដ្ឋាភិបាលមានគម្រោងផលិតសត្វគោយ៉ាងហោចណាស់ ៥០,០០០ ក្បាលក្នុងមួយឆ្នាំ។ ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ឡាវបានទទួលកូតាចំនួន ៥០០,០០០ ក្បាលសម្រាប់នាំចេញទៅប្រទេសចិន។ មន្ត្រីឡាវបានចាត់ទុកថា ការលក់គោក្របីទៅប្រទេសចិន អាចទទួលបានផលចំណេញយ៉ាងច្រើន មិនត្រឹមតែចំពោះអ្នកផលិត និងកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ប្រទេសជាតិទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថា កាល​ពី​ឆ្នាំ​មុន តម្លៃ​នាំ​ចេញ​គោ និងក្របីមាន​ដល់​ទៅ ២៥០ លាន​ដុល្លារ ខណៈវៀតណាម​ជា​ប្រទេស​ទិញ​ធំ​ជាង​គេ​ដោយ​ការ​នាំ​ចូល​ដែល​មាន​តម្លៃ ២៤៧ លាន​ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus