យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣.៨៧% ក្នុងរយៈពេល ១១ខែ (គិតត្រឹមថ្ងៃ ១៥ តុលា ២០២១) ហើយគ្រោងបញ្ចប់ការស្ថាបនាក្នុងចុងខែធ្នូ ឆ្នាំ២០២១ នេះ។ កាលពីថ្ងៃច័ន្ទ ២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលគុណភាពផ្លូវ ការងារអ៊ុតកៅស៊ូ (AC) ស្របតាមលក្ខណៈបច្ចេកទេស ដែលនឹងធ្វើឱ្យឃើញយ៉ាងច្បាស់នូវមុខមាត់ថ្មីនៃក្រុងមួយនេះ ព្រមទាំងការតភ្ជាប់ប្រព័ន្ធលូចាស់-ថ្មី ដើម្បី សម្រួលកុំឱ្យលិចទឹក និងអាចឱ្យបងប្អូនប្រជាពលរដ្ឋ អាចអាស្រ័យប្រើប្រាស់បាន។ ការចុះពិនិត្យនេះក៏ក្នុងគោលបំណង ដើម្បី ពិនិត្យមើលវឌ្ឍនភាពការងាររួម និងផ្តល់គោលការដោះស្រាយនូវបញ្ហាប្រឈមនានា ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន ៨៣.៨៧% នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
គម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
គួររម្លឹកផងដែរថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។





អត្ថបទ៖ លីនី


