យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសកម្ពុជាបានអំពាវនាវឱ្យវិស័យឯកជនចិន ចូលរួមវិនិយោគឱ្យបានពេញ លេញលើគ្រប់ខ្សែច្រវាក់ផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីឱ្យផលិតផលកម្ពុជាកាន់តែមានទីផ្សារនៅលើឆាកអន្តរជាតិ ជាពិសេស ទីផ្សារចិន។ឯកឧត្តម វេង សាខុន បានមានប្រសាសន៍អំពាវនាវបែប នេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន កាលពីព្រឹកថ្ងៃទី២៥ខែ តុលាឆ្នាំ ២០២១។
ក្រសួងកសិកម្មបានចេញផ្សាយថា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងនូវកិច្ចស្វា គមន៍យ៉ាងកក់ក្តៅចំពោះវត្ថមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះ បាននិងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះ វិស័យកែច្នៃកសិ ផល នឹងត្រូវបានលើកកម្ពស់មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។ល។
ឆ្លៀតយកឱកាសនេះ ឯក ឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យវិស័យឯកជនចិន ចូលរួមវិនិយោគឱ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជា នឹងមានឱកាសបង្ហាញ ខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ជាពិ សេស ទីផ្សារចិន ដោយឈរ លើស្តង់ដារគុណភាព សុវត្ថិ ភាព និងការប្រកួតប្រជែង។
នាឱកាសនោះ លោកនាយកក្រុមហ៊ុន បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែបញ្ហានៅត្រង់ថាមិនទាន់បានប្រើបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវ ជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបីមកធ្វើការសិក្សាស្រាវជ្រាវទាក់ ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះគឺ៖ ១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាង ត្បូង ២- វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣- Chinese Acade my of Tropical Agricul tural Science។ ករណីនេះលោកនាយកក្រុមហ៊ុនបានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដីសម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន។
លោកបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគនឹងចាប់ផ្តើមជាជំហានៗ តាមផែនការដែលបានគ្រោងទុក។ ក្រុមហ៊ុនក៏បានសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីផងដែរទាក់ទងគម្រោងវិនិយោគ។ បន្ទាប់ពីបានទទួលព័ត៌មានដោយសង្ខេបពីលោកនាយកក្រុមហ៊ុនរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសំដែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្មរបស់ក្រុមហ៊ុននាពេលអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនសហការរៀប ចំឯកសារពាក់ព័ន្ធជាមួយនា យកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងអគ្គនាយកដ្ឋានកសិកម្ម មុនឈានទៅធ្វើការចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា នាពេលខាងមុខ៕



ប្រភព៖ ក្រសួងព័ត៌មាន


