សិង្ហបុរី នឹងលើកលែងលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៨ ផ្សេងទៀត ដែលបានទទួលចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី ១៩ ខែតុលាតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ការលើកលែងលក្ខខណ្ឌនេះ
គឺ ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសសិង្ហបុរី ក្នុងការលើកកម្ពស់វិធានការរឹតត្បិតបន្តិចម្តងៗ ដើម្បីរស់នៅដោយសុវត្ថិភាពជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩។
យ៉ាងណាមិញចាប់ពីថ្ងៃទី១៩ ខែតុលា តទៅ ការលើកលែងការធ្វើចត្តាឡីស័កនឹងត្រូវបានពង្រីកដល់ ៨ ប្រទេសបន្ថែមទៀតរួមមាន៖ ចក្រភពអង់គ្លេសកាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងអាមេរិក។ ជាមួយគ្នានេះ ច្រករបៀងធ្វើដំណើរជាមួយសាធារណរដ្ឋកូរ៉េ ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះដែរ។
យោងតាមគោលការណ៍នេះ អ្នកដំណើរនឹងមិនត្រូវបានតម្រូវឱ្យនៅធ្វើចត្តាឡីស័កឡើយ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រប់ចំនួនដូស ហើយបានធ្វើតេស្តអវិជ្ជមានមុនពេលចេញដំណើរ និងមកដល់សិង្ហបុរី។ គួរបញ្ជាក់ផងដែរថា ដោយមានប្រជាជនជាង ៨០% បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពាក់កណ្តាលខែកញ្ញា សិង្ហបុរីបានចាប់ផ្តើមដំណើរការជាផ្លូវការ សម្រាប់អ្នកដំណើរដែលទទួលថ្នាំបង្ការពីប្រទេសអាឡឺម៉ង់ និងប្រ៊ុយណេក្រោមគម្រោង “ផ្លូវធ្វើដំណើរសម្រាប់អ្នកចាក់វ៉ាក់សាំង”។ ជាមួយគ្នានេះ លោក នាយករដ្ឋមន្ត្រី Lee Hsien Loong កាលពីថ្ងៃទី៩ ខែតុលាបានប្រកាសពីវិធានការបន្ធូរបន្ថយជាបន្តបន្ទាប់ក្រោមយុទ្ធសាស្ត្រ “ រស់នៅជាមួយកូវីដ-១៩” ផងដែរ៕



អត្ថបទ៖ លីនី


