អង្គរស្អាតណាស់ ខណៈអ្នកទេសចរ កោតសសើរមិនដាច់ពីមាត់ចំពោះការរៀបចំសោភ័ណភាពដ៏ស្រស់ស្អាតនៅតំបន់រមណីយដ្ឋានអង្គរ
ទេសចរណ៍ October 8, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ទៅទស្សនា តំបន់រមណីយដ្ឋានអង្គរ និងបានកោតសសើរមិនដាច់ពីមាត់អំពីភាពស្រស់ស្អាត នៃប្រាសាទបុរាណ និងការរៀបចំទេសភាពនៅជុំវិញនោះ ដោយអាជ្ញាធរជាតិ អប្សរា។

ភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ នាកាសបុណ្យភ្ជុំបិណ្ឌ ហើយម្នាក់ៗបានកោតសរសើរ មិនដាច់ពីមាត់ពីសម្រស់ធម្មជាតិ និងប្រាង្គប្រាសាទយ៉ាងស្រស់ស្អាត បន្ទាប់ពីអាជ្ញាធរអប្សារាបានរៀបចំរួចរាល់។

លោកពូ រស់ ថេ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានឱ្យដឹងថា លោកចូលចិត្តទៅទស្សនាប្រាសាទអង្គរវត្តមិនថា ថ្ងៃឈប់សម្រាក ចុងសប្តាហ៍ឬមានពិធីបុណ្យទាននានាឡើយ ព្រោះថាទីនោះមានបរិយាកាសល្អ ខ្យល់អាកាសបរិសុទ្ធ មានក្លិនក្រអូបនៃផ្កាព្រៃនៅជុំវិញ ជាពិសេសបានទស្សនាប្រាសាទបុរាណដែលជាមរតកដូនបានបន្សល់ទុក។ លោកបន្តថា ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរជាច្រើនម៉ឺននាក់ និយមមកទស្សនាតំបន់អង្គរ តែដោយឡែកសម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិបទកូវីដ១៩ ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅទីនេះ ទោះបី មិនមានចំនួនច្រើនដូចរាល់ឆ្នាំ តែបានអនុវត្តបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។

សម្រាប់ខ្ញុំច្រើនដងហើយ មកកាលមុនៗអត់ប្លែក ឥឡូវអប្សរាគេរៀបចំច្រើន ដូចជាសួន ផ្លូវដើរគេដាំផ្កា ហើយកន្លែងលក់ដូរ មានរៀបចំថ្មី មុខអង្គរគេដាំដើមឈើស្អាត អត់ដូចកាលមុនកន្លែងទុកម៉ូតូសុទ្ធតែជ្រាំ សព្វថ្ងៃគេរៀបចំស្អាត សម្រាប់ឆ្នាំមុនៗខ្ញុំឃើញ ភ្ញៀវមកលេងច្រើន ឆ្នាំនេះអត់សូវមានទេ បើគិតថាមានប៉ុណ្ណឹងៗ គួរសមហើយ ព្រោះអីក្នុងបរិបទកូវីដមនុស្សច្រើនអត់សូវល្អទេ តាមខ្ញុំសង្កេតឃើញគេពាក់ម៉ាស់អីត្រឹមត្រូវ ផ្លូវមុខអង្គរគេស្កែនឈ្មោះ មានមួយចំនួនតូចដើរអត់ពាក់ម៉ាស់អីទាល់តែគេហៅប្រាប់ វាពិបាកដែរ អ៊ីចឹងយើងចូលរួមទាំងអស់គ្នាទៅល្អ។

ចំណែកលោកខែម ស៊ីថាត ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានអញ្ជើញមកកម្សាន្តតំបន់រមណីយដ្ឋានអង្គរ បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលរូបលោកនិងគ្រួសារ បានមកទស្សនាប្រាសាទអង្គរវត្ត ប៉ុន្តែសម្រាប់ឆ្នាំនេះ តំបន់រមណីយដ្ឋានអង្គរបានកែប្រែមុខមាត់ថ្មី មានភាពស្រស់ស្អាតជាទីគយគន់ ទាំងការរៀបចំបរិស្ថានជុំវិញប្រាសាទ សោភ័ណ្ឌភាព និងលម្អដោយសួនច្បារ ផ្កាចម្រុះពណ៌ជាច្រើន ដែលអាចឱ្យអ្នកទេសចរសប្បាយរីករាយនិងប្លែកអារម្មណ៍ពេលបានមកកម្សាន្តនៅទីនេះ។ លោកបន្តថា ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ អ្នកទេសចរទាំងអស់ ត្រូវចូលរួម អនុវត្តវិធានការណ៍៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុខុមាលភាពសាធារណៈទាំងមូល។

សំឡេង៖ខ្ញុំមកពីខេត្តកណ្តាល ដូចជាលើកទី៣ ទី៤ហើយ តែ២ទៅ៣ឆ្នាំមកបានម្តង ប៉ុន្តែទេសភាពស្អាតជាងមុនឆ្ងាយ ខែភ្លៀងផង បានប្រមុខរាជរដ្ឋាភិបាលរៀបចំផ្លូវ កែឡើងស្អាត ស្អាតជាងមុន ធ្លាប់តែជិះតាមផ្លូវនេះ ដល់មកចង់វ៉ាក់អ៊ឺដែរ តែគ្រាន់ថាខ្ញុំមកនេះ មកតែ២ថ្ងៃទេ ដោយសារកូវីដពេកអត់ហាននៅយូរ និយាយទៅគួរតែពាក់ម៉ាស់តែម្តង យើងត្រូវពាក់ការពារខ្លួនឯង ព្រោះអាយុជីវិតយើង មិនចាំបាច់គេប្រាប់ នេះជាគំនិតខ្ញុំផ្ទាល់។

សូមជម្រាបផងដែរថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ ភ្ញៀវទេសចរពុំសូវមកកម្សាន្តនៅតំបន់អង្គរផងនោះ បានធ្វើឱ្យ អាជ្ញាធរជាតិអប្សរា ចាប់យកឱកាសនេះ រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អង្គរឡើងវិញ ក្នុងនោះ ក៏មានការរុះរើតូបលក់ដូរនៅតំបន់ខាងលិចអង្គរ ការរៀបចំសួនច្បារ ការដាំផ្កាចម្រុះពណ៌ និងដាំដើមឈើបន្ថែម ព្រមទាំងការស្ថាបនា និងកែលម្អផ្លូវថ្នល់ជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណា ឱ្យមានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិទៅទស្សនា។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោក ង៉ូវ សេងកាក់ ប្រធាមន្ទីរ ទេសចរណ៍ខេត្តបានអះអាងថា នៅថ្ងៃបុណ្យបិណ្ឌធំនេះ មានអ្នកទេសចរជាតិ និងភ្ញៀវអន្តរជាតិ បន្តចូលមកទស្សនា នៅតំបន់ រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជា ១២,០៩៦នាក់។ ក្នុងនោះ ធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារទៅកាន់ ៖

– រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧,០០០ នាក់

– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ២,៨០០ នាក់

– សហគមន៍ទេសចរណ៍-អេកូទេសចរណ៍មានចំនួនប្រមាណ ២,២០០ នាក់ សរុបភ្ញៀវជាតិ ១ម៉ឺន២ពាន់នាក់។ ដោយឡែក ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៩៦នាក់ ៕

ប្រភព៖ ក្រសួងព័ត៌មាន