ថៃ រំពឹងថា កោះភូកេតនឹងរកចំណូលបានរាប់សិបលានបាត ពីភ្ញៀវទេសចរ ១លាននាក់ ក្នុងរយៈពេល ៦ ខែខាងមុខនេះ
ទេសចរណ៍ October 2, 2021 Khmernote

ភូកេត ដែលជាកោះមួយដ៏ល្បីរបស់ថៃ និងជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយមបំផុត រំពឹងថានឹងរកប្រាក់បានរាប់សិបពាន់លានបាត ពីភ្ញៀវទេសចរបរទេសមួយលាននាក់ក្នុងរយៈពេល ៦ ខែខាងមុខនេះ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) បានអនុម័តនៅថ្ងៃទី ៣០ ខែកញ្ញា នូវផែនការទេសចរណ៍របស់អាជ្ញាធរទេសចរណ៍ថៃ ដើម្បីផ្សព្វផ្សាយភូកេត ជាគោលដៅលំដាប់ពិភពលោក ដោយដាក់គោលដៅបង្កើតប្រាក់ចំនួន ៦០ ពាន់លានបាត (ប្រហែល ១.៧ ពាន់លានដុល្លារ) នៅត្រីមាសទី ៤ នៃ ឆ្នាំនេះនិងត្រីមាសទី ១ ឆ្នាំ ២០២២។

យោងតាមទិន្នន័យបន្ថែមដែលបានចេញផ្សាយអំពីដំណើរការនៃគម្រោងបើកឡើងវិញ “sandbox” របស់កោះនេះ បន្ទាប់ពីការបើកដំណើរការនៅថ្ងៃទី១ ខែកក្កដា អ្នកទេសចរថៃបានឈរនៅលំដាប់កំពូលនៃគម្រោង “sandbox” ក្នុងរយៈពេលបីខែចុងក្រោយនេះបន្ទាប់មកសហរដ្ឋអាមេរិក គឺជាប្រភពទីផ្សារអន្តរជាតិធំជាងគេ។

លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ បាននិយាយថា ចំនួនអ្នកចូលមកកម្សាន្តត្រូវបានគេរំពឹងថា នឹងកើនឡើងគួរឱ្យកត់សម្គាល់នៅត្រីមាសចុងក្រោយ ដោយសារតែការកាត់បន្ថយការធ្វើចត្តាឡីស័កពី ១៤ មកត្រឹម ៧ថ្ងៃ ដោយចាប់ផ្តើមពីខែតុលានេះ ខណៈពេលដែលការថយចុះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាប់ៗគ្នា បានផ្តល់ផលចំណេញដល់ទីផ្សារទេសចរណ៍ក្នុងរដូវកាលខ្ពស់នាពេលខាងមុខនេះ។

លោក Yuthasak បានបន្ថែមទៀតថា ការបន្ធូរបន្ថយការរឹតបន្តឹងគួរតែជួយបង្កើតកញ្ចប់ដំណើរកម្សាន្តយ៉ាងតិច ៥ សែននាក់តាមរយៈជើងហោះហើរញក្នុងរយៈពេល ៦ ខែខាងមុខនេះ ដែលក្នុងនោះ ២៩៥,០០០ កញ្ចប់នឹងមកពីទីផ្សាររុស្ស៊ី សម្រាប់ចំនួនបន្ទប់សរុប ២.៥ លានយប់ បន្ទាប់មកចំនួន ១៣ ម៉ឺនកញ្ចប់ពីចក្រភពអង់គ្លេស និងប្រទេសន័រឌីក ដោយបង្កើតបន្ទប់ចំនួន ២០០,០០០ យប់។ គួរឱ្យដឹងផងដែរថា ការបើកឡើងវិញនូវកោះភូកេត ក្រោមគម្រោង​ “sandbox” រយៈពេល ៣ខែដំបូង បានរួមចំណែកផ្នែកសេដ្ឋកិច្ចចំនួន ២.២៥ ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus