យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងវិនិយោគកោះទន្សាយដែលមានទុនវិនិយោគចំនួន ១៣០ លានដុល្លារបង្កើតឡើងដោយក្រុមហ៊ុន ទ្រី ភាព គ្រុប បានចាប់ផ្តើមការសាងសង់នៅលើកោះទន្សាយហើយដែលមានចម្ងាយ ៤ គីឡូម៉ែត្រពីខេត្តកែប។
លោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានប្រាប់ AKP កាលពីថ្ងៃទី ២៩ ខែកញ្ញានេះថា សកម្មភាពសាងសង់បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកញ្ញា បន្ទាប់ពីសម្ភារៈសំណង់ត្រូវបានដឹកជញ្ជូនទៅដល់កោះនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនកំពុងអភិវឌ្ឍ គម្រោងលើផ្ទៃដី ១៤០ ហិកតា ហើយការអភិវឌ្ឍន៍ត្រូវបានបែងចែកជាដំណាក់កាលផ្សេងៗគ្នា។
គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះទទួលបានភ្លើងខៀវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅខែកុម្ភៈឆ្នាំ ២០១៩ ដោយផ្តោតលើការវិនិយោគលើរមណីយដ្ឋានជាច្រើនដូចជា សណ្ឋាគារផ្កាយ ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម រមណីយដ្ឋាន ឆ្នេរខ្សាច់ ឡានខ្សែកាបជាដើម។ កោះទន្សាយ គឺជាកោះសក្តានុពលមួយសម្រាប់វិស័យទេសចរណ៍ កោះនេះមានឆ្នេរខ្សាច់ពណ៌សនៅជុំវិញកោះ ក្រោយពេលអភិវឌ្ឍន កោះនេះនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកាន់តែច្រើន៕


(រូបតំណាង)
(រូបតំណាង)
ប្រភព៖ ក្រសួងព័ត៌មាន


