រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញា នេះថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តល់ថវិកាចំនួន ៩,២ ទ្រីលានរូពី (៦៤៥ លានដុល្លារ) ពីថវិការដ្ឋនៅឆ្នាំ២០២២ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
រដ្ឋមន្រ្តី Sri Mulyani បាននិយាយនៅក្នុងកិច្ចប្រជុំសម្របសម្រួលជាតិទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឆ្នាំ ២០២១ ថា ថវិកានឹងត្រូវប្រើដើម្បីអភិវឌ្ឍ ឧស្សាហកម្មគ្មានផ្សែងនេះ លើទិដ្ឋភាពបីយ៉ាងរួមមាន៖ ភាពងាយស្រួលភាពទាក់ទាញ ភាពងាយស្រួលការផ្សព្វផ្សាយនិងការចូលរួមឯកជន។
នៅឆ្នាំ ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមថវិកាចំនួន ៧,៦៧០ ពាន់លានរូពី ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតងើបឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងគាំទ្រដល់គោលដៅទេសចរណ៍ ដែលមានអាទិភាពខ្ពស់រួមមាន Lake Toba, Borobudur, Mandalika, Labuan Bajo និង Likupang ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបើកទទួលភ្ញៀវទេសចរក្នុងស្រុកនិងបរទេសនៅពេលដែលការរឹតត្បិតត្រូវបានបន្ធូរបន្ថយ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះចំនួនភ្ញៀវទេសចរបរទេសទៅកាន់ប្រទេសឥណ្ឌូនេស៊ីបានធ្លាក់ចុះ ៨០% បើប្រៀបធៀបទៅនឹងអំឡុងពេលមុនពេលមានជំងឺរាតត្បាត និងខ្ពស់ជាងការធ្លាក់ចុះ ៧៥% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះចំនួនភ្ញៀវទេសចរក្នុងស្រុកក៏បានថយចុះជិត ៣០% ផងដែរ ដោយសាររដ្ឋាភិបាលបានដាក់កំហិតលើការធ្វើដំណើរមួយចំនួន។ ជាមួយគ្នានេះដែរ បុគ្គលិកក្នុងវិស័យទេសចរណ៍ជិត ២ លាននាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងប្រឈមនឹងការបាត់បង់ការងារនិងប៉ះពាល់ដល់ការរស់នៅរបស់ពួកគេដោយសារជំងឺរាតត្បាតកូវីដ-១៩៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


