ទឹកសមុទ្រ នឹងកាន់តែមានភាពល្អប្រសើរគ្មានការបំពុលក្រោយពីការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ រួចរាល់
ទេសចរណ៍ September 28, 2021 Khmernote

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ទឹកសមុទ្រនឹងកាន់តែមានភាពល្អប្រសើរគ្មានការបំពុល ក្រោយពីការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣រួចរាល់ ខណៈដែលការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់ បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។

លោក ឃាង ភារម្យ អ្នកនាំ ពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដោយពិនិត្យឃើញពីបញ្ហាប្រឈមទឹកកខ្វក់ គណៈកម្មា ធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចសាង សង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញ ចោលទៅក្នុងសមុទ្រ។

លោកបន្តថា តាមរយៈអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះ គឺអាចធានាបាននូវសុវត្ថិភាពបរិស្ថាន តំបន់ឆ្នេររបស់យើង ដោយទឹកកខ្វក់មិនហូរចូលសមុទ្រនោះទេ ហើយឆ្នេរដែលមិនមានការបំពុលនោះ វាក្លាយជាឆ្នេរស្អាត គ្មានការបំពុលនិងទាក់ទាញនូវភ្ញៀវទេសចរណ៍ ។

លោកបានបន្តទៀតថា អាងប្រពឹត្តិកម្មនេះទំនើបណាស់ ដែលទឹកកខ្វក់បានប្រព្រឹត្តិកម្មរួចរាល់ គឺទឹកឡើងថ្លាល្អ អាចដាក់ឱ្យត្រីរស់នៅបាន ដូច្នេះមានន័យថា ត្រីរស់នៅបានហើយនោះការបង្ហូរចូលសមុទ្រក៏មិនមានបញ្ហាអ្វីនោះដែរ ដែលអាចធ្វើដល់ជីវចម្រុះ និងមច្ឆសមុទ្រ ។

«អាងប្រព្រឹត្តិកម្មនេះ មានន័យថាទឹកកខ្វក់ត្រូវបានច្រោះដោយប្រព័ន្ធស្វ័យប្រវត្តិ ទៅជាទឹកស្អាតបានធ្លាក់ទៅសមុទ្រ ហើយផលប្រយោជន៍ធំបំផុតដែលទទួលបានគឺតម្លៃបរិស្ថាន កាលណាមិនមានការបំពុលទឹក គឺបរិស្ថានយើងល្អ ឆ្នេរខ្សាច់ក៏ល្អ គុណភាពទឹកសមុទ្រក៏ល្អ ជីវចម្រុះក្នុងបាតសមុទ្រក៏ល្អផងដែរ ។ អ៊ីចឹងវាទាក់ទាញបានសំខាន់បំផុតវិស័យទេសចណ៍ គេមកលេងកម្សាន្ត ងូតទឹក មកមើលផ្កាថ្ម ធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុខភាពល្អ និងទទួលបានចំណូលពីវិស័យទេសចរណ៍ផងដែរ»។

លោក ឃាង ភារម្យ បានបន្តថា គោលដៅខេត្តគ្រោងធ្វើនៅទីតាំងសំខាន់ៗច្រើនទៀត ដោយអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣នេះ វាមិនទាន់គ្រប់គ្រាន់នោះទេ ។ ខេត្តមានស្ថានីយ៍បូមទឹកកខ្វក់ចំនួន ៧ ទីតាំង ដើម្បីបូមដាក់បញ្ជូលអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងការច្រោះមុនបង្ហូរចូលសមុទ្រ ។

គួរជម្រាបថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថ ភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាង សង់នៅពេលនេះ មានសមត្ថ ភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជា សុផារ៉ា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបើកការដ្ឋានសាង សង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់គុណភាពទឹកសមុទ្រឱ្យកាន់ស្អាតបំរើដល់វិស័យទេសចរណ៍៕

ប្រភព៖ ក្រសួងព័ត៌មាន