ដំណឹងល្អ! ទំនិញរបស់កម្ពុជាជាង ៩០មុខ អាចនាំទៅទីផ្សារប្រទេសចិនដោយរួចពន្ធគយទាំងស្រុង
សេដ្ឋកិច្ច September 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ទំនិញរបស់កម្ពុជាចំនួនជាង៩០មុខ អាចនាំទៅទីផ្សារប្រទេសចិនដោយរួចពន្ធគយទាំងស្រុង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនចូលជាធរមានក្នុងពេលខាងមុខនេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ទំនិញរបស់កម្ពុជាដែលនឹងនាំចេញទៅចិន ក្រោមអត្រាពន្ធគយសូន្យនេះ មានផលិតផលកសិកម្មដូចជា គ្រាប់ស្វាយចន្ទី ស្វាយ ចេក ទុរេន មៀន ស្រកានាគ ព្រមទាំងផលិតផលកែច្នៃ និងឧស្សាកម្មមានគ្រឿងឧបភោគនិងបរិភោគ កង់ សម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំអេឡិចត្រូនិច ខ្សែភ្លើង ជាដើម។

ឯកឧត្តម បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ដែលត្រូវបានសភាអនុម័តយល់ព្រម កាលពីសប្តាហ៍កន្លងទៅនេះ នឹងចូលជាធរមានក្នុងរយៈពេល ៣០ថ្ងៃ បន្ទាប់ពីភាគីទាំងពីរបានបំពេញនីតិវិធីផ្ទៃក្នុងរបស់ខ្លួនចប់សព្វគ្រប់ និងបានផ្លាស់ប្តូរលិខិតុបករណ៍នៃការផ្តល់សច្ចាប័នតាមផ្លូវការទូត។

យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ បានបង្ហាញថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីការនាំទំនិញទៅទីផ្សារប្រទេសចិន ក្រោមអត្រា ពន្ធគយសូន្យភាគរយ (0%) ភា្លមៗ ជាង៨ពាន់បន្ទាត់ពន្ធស្មើនឹង ៩៧,៤៤ភាគរយ នៃបន្ទាត់ពន្ធសរុប។

ឯកឧត្តម ប៉ាន សូរស័ក្តិ មាន ប្រសាសន៍ថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិត ផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាននិងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។ ជាមួយគ្នានេះ ក៏នឹងផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន តាមរយៈជំរុញឱកាសដល់ធុរជនកម្ពុជា ដែលមាន បំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន ក៏ដូចជាការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេក វិទ្យា ចំណេះដឹង ចំណេះធ្វើនិងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា។

គួររំឭកថា ក្នុងឆ្នាំ២០២០ កន្លងទៅ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានជាង ៨ប៊ីលានដុល្លារអាមេរិក បើទោះស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតដោយជំងឺកូវីដ១៩។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រំពឹងថា ទំហំពាណិជ្ជកម្មទ្វេ ភាគីនេះ នឹងមានកំណើនដល់ ១០ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៣ខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន