ក្រសួងទេសចរណ៍ថៃ ចង់ឲ្យប្រទេសបើកដំណើរការឡើងវិញទាំងស្រុងដោយគ្មានការធ្វើចត្តាឡីស័កនៅត្រឹមខែមករា
ទេសចរណ៍ September 6, 2021 Khmernote

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ Phiphat Ratchakitprakarn ចង់ឲ្យប្រទេសនេះបើកដំណើរការឡើងវិញដោយគ្មានការចត្តាឡីស័កនៅខែមករា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ ទោះបីជាយ៉ាងណាក្ដី រដ្ឋមន្រ្តីបានលើកឡើងថា ការបើកដំណើរការនេះ គឺនឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង។

យោងតាមរបាយការណ៍របស់បាងកកប៉ុស្ដិ៍បានឱ្យដឹងថា លោក Phiphat Ratchakitprakarn បាននិងកំពុងលើកឡើងពីភាពស៊ាំរបស់មនុស្ស ដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការបើកឡើងវិញ ដោយចង្អុលបង្ហាញថា ការបើកឡើងវិញទីក្រុងបាងកក ត្រូវបានពន្យារពេលពីខែតុលាដល់ខែវិច្ឆិកា ព្រោះប្រជាជនភាគច្រើននៅតែរង់ចាំវ៉ាក់សាំងលើកទី ២ របស់ពួកគេ។

ទោះយ៉ាងណាលោកបាននិយាយថា ការបើកឡើងវិញនូវឈៀងម៉ៃ ឈុនបូរី (ប៉ាតាយ៉ា) និងប្រាចាវឃីរីខាន់ (ហួហ៊ីន) អាចដំណើរការបាននៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ខេត្តផេតឆាបូរី ភាគកណ្តាលក៏គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃដដែលផងដែរ។

គួរឱ្យដឹងថា បើតាមលោករដ្ឋមន្រ្តីក្រសួងទេសចរថៃ មានតែតំបន់ដែលមានសុវត្ថិភាពប៉ុណ្ណោះ ដែលអាចបើកឡើងវិញសម្រាប់ភ្ញៀវទេសចរថៃនៅថ្ងៃទី ១ ខែវិច្ឆិកា ខណៈដែលភ្ញៀវទេសចរអន្តរជាតិត្រូវបានគេរំពឹងថា នឹងចូលមកដោយមិនចាំបាច់ធ្វើចត្តាឡីស័កដោយចាប់ពីខែមករា ក្រោមលក្ខខណ្ឌ «travel bubbles» ជាមួយប្រទេសជិតខាងដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមករា៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger