រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការយុទ្ធសាស្រ្ត បើកទទួលទេសចរណ៍សុវត្ថិភាព ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍
ទេសចរណ៍ September 6, 2021 Khmernote

រាជរដ្ឋាភិបាលម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ។

ជាក់ស្តែងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) បានដឹកនាំកិច្ចប្រជុំនៃ គ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព» តាមរយៈប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីជាអនុប្រធាន និងសមាជិក គ.ស.ហ. ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ។

ជាមួយនឹងការគូសបញ្ជាក់អំពីសមិទ្ធផល របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងវិធានការនានាដទៃទៀត ដែលជាកត្តាជំរុញដ៏សំខាន់ នៅក្នុងការបើកឡើងវិញ និងជាបណ្តើរៗនូវរាល់សកម្មភាពសង្គម-សេដ្ឋកិច្ច ដែលមានដូចជា វិស័យទេសចរណ៍ជាដើម រួមជាមួយនឹងក្របខណ្ឌនៃការរស់ នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដែលមានវិស័យទេសចរណ៍ជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងឡាយ, រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំនូវសេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» ដើម្បីដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្តជាក់លាក់ ក្នុងការធានាឱ្យបាននូវប្រសិទ្ធភាព និងសុវត្ថិភាពនៃការបើកឡើងវិញ នូវវិស័យទេសចរណ៍ ដែលកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

សេចក្តីព្រាង «ផែនការយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរណ៍សុវត្ថិភាព» នេះបានផ្ដោតលើគោលដៅចំនួន ០៤ រួមមាន៖

១. ការទទួលបានភ្ញៀវទេសចរពីប្រភពទីផ្សារដែលមានសក្តានុពលមានសុវត្ថិភាព និងមានហានិភ័យទាបសម្រាប់គោលដៅទេសចរណ៍កម្ពុជា,
២. ការគ្រប់គ្រងរំហូរភ្ញៀវទេសចរអន្តរជាតិ ដើម្បីបង្ការ និងគ្រប់គ្រងនូវការហូរចូលនៃមេរោគកូវីដ-១៩ និងប្រភេទមេរោគបំប្លែងថ្មីៗ,
៣. ការពង្រឹងនូវភាពទាក់ទាញ និងគុណភាពសេវាកម្មទេសចរណ៍របស់កម្ពុជាតាមគន្លងប្រក្រតីភាពថ្មី, និង
៤. បង្កើនទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមករវាងប្រភពទីផ្សារ និងគោលដៅទេសចរណ៍កម្ពុជា ។

ប្រភព៖ ក្រសួងព័ត៌មាន