វិស័យជលផលវៀតណាម កំពុងជួបការលំបាកក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីប្រទេសនេះបានរឹតបន្តឹងលក្ខខណ្ឌនាំចូលដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដោយសមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) ក្នុងរយៈពេល ៧ ខែដំបូង ការនាំចេញទៅកាន់ចិនដីគោកនិងហុងកុងបានធ្លាក់ចុះ ៥% ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ២៣៨ លានដុល្លារ។
របាយការណ៍បានបង្ហាញទៀតថា នៅចន្លោះថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដា ទីក្រុង Zhanjiang ដែលជាមជ្ឈមណ្ឌលធំបំផុតមួយនៅក្នុងប្រទេសចិន សម្រាប់ការផ្ទេរទំនិញបានឈប់ទទួលយកអាហារសមុទ្រក្លាស្សេដែលមកពីប្រទេសចំនួន ១១ រួមមានឥណ្ឌា វៀតណាម និងថៃ ដែលជាប្រទេសនាំចេញធំ ចំនួន ៣ ដោយសារការព្រួយបារម្ភអំពីកូវីដ។
ជាមួយគ្នានេះ នៅត្រីមាសទី២ ការនាំចេញត្រីប្រា (pangasius) ទៅប្រទេសចិន ដែលជាទីផ្សារធំបំផុតរបស់វៀតណាមបានធ្លាក់ចុះ ១១.៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍បាននិយាយថា ការនាំចេញត្រីប្រា (pangasius) ទៅទីផ្សារត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅត្រីមាសទី៣ ប៉ុន្តែការធ្លាក់ចុះអាចតិចជាង ១០% ប្រសិនបើអាជីវកម្មនៅតំបន់ដីសណ្តទន្លេមេគង្គ អាចដំណើរការឡើងវិញ បន្ទាប់ពីត្រូវបានដាក់វិធានការរក្សាគម្លាតសង្គម៕




អត្ថបទ៖ លីនី
ប្រភព៖ vnexpress


